(ហ្សឺណែវ)៖ ឯកអគ្គរដ្ឋសហរដ្ឋអាមេរិកប្រចាំនៅ អង្គការសហប្រជាជាតិ (UN) លោក អាន់ឌ្រូ ប្លូមប៊ឺក (Andrew Bremberg) បានប្រាប់អ្នករាយការណ៍ព័ត៌មាននានាថា សហរដ្ឋអាមេរិកស្វាគមន៍ អង្គការសុខភាពពិភពលោក (WHO) ស៊ើបអង្កេតរកដើមកំណើតពិតប្រាកដ នៃវីរុសកូរ៉ូណាថ្មី (COVID-19) ដែលបានផ្ទុះឡើងដំបូងចេញពីទីក្រុងវូហាន នៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០។
លោក អាន់ឌ្រូ ប្លូមប៊ឺក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងស្វាគមន៍ ការស៊ើបអង្កេតដោយ WHO។ យើងចាត់ទុកការស៊ើបអង្កេត តាមបែបវិទ្យាសាស្ត្រ គឺជាជំហានចាំបាច់ ដើម្បីឲ្យមានការយល់ដឹងពេញលេញ និងប្រកបដោយតម្លាភាពអំពីរបៀបដែលវីរុសនេះ បានរីករាលដាលពាសពេញពិភពលោក»។
គួរបញ្ជាក់ថា ការថ្លែងស្វាគមន៍ពីសំណាក់សហរដ្ឋអាមេរិកខាងលើនេះ គឺជាការយល់ព្រមដោយឥតព្រាងទុកមួយ ចំពោះការស៊ើបអង្កេតធ្វើឡើងដោយ WHO ខណៈកន្លងមកអង្គការមួយនេះ បានទទួលរងការរិះគន់ យ៉ាងចាស់ដៃពីសំណាក់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ក្រុមការងារដឹកនាំដោយ WHO នឹងធ្វើដំណើរទៅចិន នៅចុងសប្តាហ៍នេះហើយ ដើម្បីចាប់ផ្តើមដំណើរការស៊ើបអង្កេតរកប្រភពដើម នៃវីរុសកូរ៉ូណាថ្មី (COVID-19) និងដោយមានការគាំទ្រ ពីរដ្ឋាភិបាលចិនផងដែរ៕