(សិង្ហបុរី)៖ ក្រោយការប្រកាសលទ្ធផលបោះឆ្នោត នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានលើកឡើងថា គណបក្សរបស់លោកថ្វីដ្បិតថា បានទទួលអសនៈច្រើនដាច់គេនៅក្នុងការបោះឆ្នោតសភា ឆ្នាំ២០២០ នេះពិតមែន ប៉ុន្តែចំនួនប្រជាជនដែលបានចេញទៅបោះឆ្នោតលើកនេះ គឺមិនច្រើនដូចការសង្ឈឹមទុករបស់លោកនោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០។
តាមរយៈសន្និសីទសារព័ត៌មាន នៅក្រោយប្រកាសលទ្ធផលបោះឆ្នោត កាលពីយប់មិញនេះ ដែលបានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនសកម្ម ឬហៅថា PAP (People's Action Party) របស់លោក លី សៀនឡុង ទទួលបានអាសនៈចំនួនរហូតដល់ ៨៣អាសនៈឯណោះ ក្នុងចំណោមអាសនៈសរុប ៩៣។ នាយករដ្ឋមន្ត្រីរូបនេះ បានសម្តែងចំណាប់អារម្មណ៍យ៉ាងដូច្នេះថា «យើងទទួលបានអាសនៈច្រើនដាច់គេ ប៉ុន្តែភាគរយនៃចំនួនពលរដ្ឋដែលបានចេញទៅបោះឆ្នោតលើកនេះ គឺមិនច្រើនដូចជាការរំពឹងទុករបស់ខ្ញុំទេ»។
ទោះជាយ៉ាងនេះក្តី លោក លី សៀនឡុង បានសង្កត់ធ្ងន់ថា គណបក្ស PAP របស់លោកនឹងចាត់ទុកអាសនៈទាំង ៨៣ អាសនៈដែលបានឈ្នះនៅក្នុងកាលៈទេសះបែបនេះ គឺជាសញ្ញាយល់ព្រម និងពេញចិត្តរបស់ប្រជាជន ចំពោះគោលនយោបាយ និងផែនការរបស់គណបក្សលោក។ មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី និងជាប្រធានគណបក្ស PAP រូបនេះថែមទាំងបានសន្យាថា នឹងប្រើប្រាស់អាណត្តិមួយនេះ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីដោះស្រាយវិបត្តិ COVID-19 និងការធ្លាក់ចុះសេដ្ឋកិច្ច ដែលប្រទេសកំពុងប្រឈមមុខដូចពេលបច្ចុប្បន្ន៕