(ញូយ៉ក)៖ យន្តហោះចម្បាំងអាមេរិកមួយគ្រឿងប្រភេទ F-16C Viper បានធ្លាក់កំឡុងពេលចុះចត នៅឯមូលដ្ឋាទ័ពអាកាសហូឡូមែន (Holloman) នៃខេត្តញូមិចស៊ីកូ (New Mexico) នៅល្ងាចថ្ងៃសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីតោន) ហើយសំណាងល្អអាកាសយានិកដែលបញ្ជាយន្តហោះនោះ មិនបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។
តាមរយៈវែបសាយនៃមូលដ្ឋានទ័ពអាកាសអាមេរិក Holloman បានសរសេរយ៉ាងដូច្នេះថា «យន្តហោះចម្បាំងមួយគ្រឿង នៃកងទ័ពអាកាសអាមេរិកប្រភេទ F-16C Viper បានធ្លាក់នៅមូលដ្ឋានទ័ពអាកាស Holloman កាលពីវេលាម៉ោង ៦៖០០នាទីល្ងាចថ្ងៃចន្ទ។ ពីឡុតបានចុចឆ័ត្រយោងចេញទាន់ពេល ប៉ុន្តែបានរងរបួស និងត្រូវបញ្ជូនទៅសម្រាកព្យាបាល»។
គួរបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យយន្តហោះចម្បាំងខាងលើនេះធ្លាក់ គឺមិនទាន់មានការបញ្ជាក់ឡើយ ដោយវាកំពុងស្ថិតក្នុងការស៊ើបអង្កេត។ F-16C ជាលំដាប់យន្តហោះចម្បាំងធុនមធ្យមរបស់អាមេរិក ដែលក្នុងមួយគ្រឿងមានតម្លៃជិត ២០លានដុល្លារ៕