(ញូដេលី)៖ ទិន្នន័យចុងក្រោយ ពីក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃនេះបានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៩០៦,៧៥២ករណី ក្នុងនោះ មនុស្សសរុប ២៣,៧២៧នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលបាននិយាយថា គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅញូដេលី) យើងបានរកឃើញករណីឆ្លងថ្មីៗចំនួន ២៨,៤៩៨នាក់ និងអ្នកស្លាប់ចំនួន ៥៥៣នាក់ទៀត ដែលធ្វើឲ្យចំនួនករណីឆ្លង និងស្លាប់សរុប កើនឡើងដូចខាងលើ។ ដោយឡែកមនុស្ស ៥៧១,៤៦០នាក់ បានជាសះស្បើយឡើងវិញ ក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្ម ឬ អ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានសរុប ៣១១,៥៦៥នាក់។
គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសដែលមានអ្នកឆ្លង COVID-19 ជាងច្រើងគេបំផុតលំដាប់ទី ៣ នៅលើពិភពលោកបន្ទាប់ពីអាមេរិក និងប្រេស៊ីល។ តែទោះជាយ៉ាងនេះក្តី ប្រទេសឥណ្ឌាបានឈានចូលដំណាក់កាល បន្ធូរបន្ថយកម្រិត ២ ប៉ុន្តែការរឹតបន្តឹងនៅតែបន្តអនុវត្ត នៅក្នុងតំបន់ដែលមានករណីឆ្លងផ្ទុះខ្លាំងនៅឡើយ (Containment Zones)។ ជុំវិញបញ្ហានេះដែរអគ្គនាយកអាកាសចរណ៍ស៊ីវិល ហៅកាត់ថា DGCA បានប្រកាសថាការហោះហើរអន្តរជាតិ ចូល និងចេញ
ពីប្រទេសឥណ្ឌានឹងបន្តផ្អាករហូតដល់ថ្ងៃទី ៣១ ខែកក្កដា ទើបមានការសម្រេចជាថ្មី។
កាលពីសប្តាហ៍មុនអាជ្ញាធររដ្ឋ យូតថា ប្រាដែស (Uttar Pradesh) ជារដ្ឋដែលមានចំនួនប្រជាជានប្រហែលជា ២៣០លាននាក់ ច្រើនជាងគេនៅប្រទេសឥណ្ឌា បានសម្រេចអនុវត្តវិធានការរឹតត្បិត នៅចុងសប្តាហ៍ ដែលគិតចាប់ពីយប់ថ្ងៃសុក្រ ដល់ព្រឹកថ្ងៃចន្ទ ដើម្បីកាត់បន្ថយខ្សែចម្លង COVID-19 ក្នុងសហគមន៍។ ទន្ទឹមនឹងនេះដែរ អាជ្ញាធររដ្ឋក៏បានសម្រេចបន្តអនុវត្តវិធានការនេះ នៅរៀងរាល់ចុងសប្តាហ៍ផងដែរ៕