(ឌូបៃ)៖ ទីបំផុតក្រុមជំនាញអេមីរ៉ាត់អារ៉ួម បានសម្រេចផ្អាកការបាញ់បង្ហោះ យាន-ផ្កាយរណបអាម៉ាល់ (Amal ឬ Hope) ដំបូងរបស់ខ្លួន ដែលបានគ្រោងធ្វើឡើងនៅថ្ងៃអង្គារនេះ និងបានសម្រេចពន្យារពេល រហូតដល់ថ្ងៃសុក្រ ទី១៧ ខែកក្កដា ខាងមុខវិញ ដោយសារតែអាកាសធាតុនៅជប៉ុនមិនអំណោយផល។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។
យាន-ផ្កាយរណប Amal ត្រូវបានគេរំពឹងថា នឹងបាញ់បង្ហោះចេញមូលដ្ឋាន នៃទីភ្នាក់ងារអវកាសជប៉ុនឈ្មោះ តេណេហ្គាស៊ីម៉ា (Tanegashima) និងចំណាយពេលរហូតដល់ទៅ ៧ខែទើបហោះទៅដល់ភពអង្គារ។ ផ្កាយរណប Amal នឹងជ្រៀតចូលគន្លងគោចរជុំវិញភពអង្គារ ហើយប្រមូលយកទិន្នន័យ អំពីបរិយាកាសនៃភពក្រហមនោះ ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ប្រទេសអារ៉ាប់មួយនេះធ្វើការសិក្សា និងបង្កើតបេសកកម្មក្រោយៗទៀត។
គួរបញ្ជាក់ថា បើតាមតារាងពេលវេលា ការបង្ហាញបង្ហោះ Amal នឹងត្រូវធ្វើឡើងនៅវេលាម៉ោង ១២៖៤៣នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ (ម៉ោងនៅទីក្រុងឌូបៃ)។ Amal ជាបេសកកម្មដំបូងបំផុត តំណាងឲ្យតំបន់អារ៉ាប់ទាំងមូល ក្នុងការបញ្ជូនយានផ្កាយរណប ទៅកាន់ភពព្រះអង្គារ។ យានអវកាសដែលប្រទេសអេមីរ៉ាត់អារ៉ាប់រួម គ្រោងបញ្ជូនទៅគឺជាប្រភេទផ្កាយរណបឈ្មោះ អាម៉ាល់ (Amal) មានន័យថា «ក្តីសង្ឃឹម»៕