(ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃអង្គារនេះ បានបង្គាប់ឱ្យក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់ នៅក្នុងចក្រភពអង់គ្លេស បញ្ឈប់ការទិញបរិក្ខា 5G ពីក្រុមហ៊ុន បច្ចេកវិទ្យាចិន Huawei ចាប់ពីឆ្នាំក្រោយនេះតទៅ ហើយត្រូវបោសសម្អាតឱ្យអស់នូវរាល់បរិក្ខា ឬបច្ចេកវិទ្យា 5G នៃក្រុមហ៊ុនចិន ចេញពីបណ្ដាញ networks របស់ពួកគេនៅត្រឹមឆ្នាំ២០២៧។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។
រដ្ឋមន្ត្រីបច្ចេកវិទ្យាឌីជីថល វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡានៃចក្រភពអង់គ្លេស លោក Oliver Dowden គឺជាអ្នកប្រាប់សភាអង់គ្លេស ពីការសម្រេចចិត្ត ខាងលើ ដែលអាចនឹងធ្វើឱ្យទីក្រុងប៉េកាំង ផ្ទុះកំហឹង ខណៈសហរដ្ឋអាមេរិកស្វាគមន៍ និងពេញចិត្តពេញថ្លើមចំពោះការសម្រេចចិត្តបែបនេះ។ សហរដ្ឋអាមេរិក បានបញ្ចុះបញ្ចូលជាច្រើនលើកឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនបញ្ឈប់ និងហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ដោយចោទថា ក្រុមហ៊ុយយក្សចិនមួយនេះ មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយគណបក្សកុម្មុយនិស្ដចិន។
ប៉ុន្តែ ក្រុមហ៊ុន Huawei បានបដិសេធការចោទប្រកាន់បែបនេះ ហើយឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់អង់គ្លេស នៅថ្ងៃអង្គារនេះដែរ អ្នកនាំពាក្យក្រុមហ៊ុន Huawei បាននិយាយថាវាគឺជារឿងគួរឱ្យសោកស្ដាយ និងជាដំណឹងដ៏អាក្រក់សម្រាប់ប្រជាជននៅក្នុងចក្រភពអង់គ្លេស៕