(ឡូសអាន់ជែលែស)៖ នាវាដឹកយន្តហោះចម្បាំងអាមេរិក USS ប៊ុនហូម រីឆាដ (USS Bonhomme Richard) ដែលបានឆាបឆេះតាំងតែពីថ្ងៃអាទិត្យសប្តាហ៍មុន (ពេលវេលានៅអាមេរិក) នៅមូលដ្ឋានទ័ពអាកាសទីក្រុង សាន់ឌីហ្គោ (San Diego) រដ្ឋកាលីហ្វ័រញ៉ានោះ រហូតមកដល់ថ្ងៃអង្គារសប្តាហ៍នេះ នៅតែបន្តការឆាបឆេះនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។
ជុំវិញហេតុការណ៍ខាងលើនេះ លោកឧត្តមនាវីទោ ហ្វីលីព សូប៊ែក (Philip Sobeck) ជាមេបញ្ជាការមួយរូបនៅលើនាវា USS Bonhomme Richard បានលើកឡើងយ៉ាងដូច្នេះថា «ឈានចូលថ្ងៃទី ៣ ទៅហើយ ក្រុមនាវិកប្រកបដោយភាពក្លាហានរបស់យើង បានធ្វើដំណើរមកពីគ្រប់មូលដ្ឋាន នៅក្នុងទីក្រុង San Diego ដើម្បីជួយពន្លត់អគ្គីភ័យ និងព្យាយាមដាក់វាឲ្យស្ថិតក្នុងការគ្រប់គ្រង»។
ប្រភពពីមន្ត្រីកងទ័ពជើងទឹកអាមេរិកបានឲ្យដឹងទៀតថា មនុស្សសរុប ៦១នាក់បានទទួលរងរបួស ក្នុងនោះ ៣៨នាក់នាក់ជានាវិកកងទ័ពជើងទឹក និង ២៣នាក់ទៀតជាជនស៊ីវិល ដោយភាគច្រើនបានទទួលរងរបួស ដោយសារការទទួលរងកម្តៅ និងផ្សែងពុល។ យ៉ាងណាក៏ដោយ ក្រុមជំនាញបានអះអាងថា នាវាដឹកយន្តហោះចម្បាំងខាងលើនេះ មិនបានរងការខូចខាតធ្ងន់ធ្ងរខ្លាំងឡើយ ព្រោះតែអគ្គីភ័យ មិនបានរាលទៅដល់កន្លែងស្តុកឥន្ធនៈ។
គួរបញ្ជាក់ថា មូលហេតុពិតប្រាកដនៃការឆាបឆេះនាវា USS Bonhomme Richard មិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ប៉ុន្តែអគ្គីភ័យបានកើតឡើង អំឡុងពេលដែលនាវានោះ កំពុងស្ថិតក្នុងការបង្កើនសមត្ថភាព (upgrade) ដើម្បីឲ្យវាអាចផ្ទុកនាវិករហូតដល់ ១,០០០នាក់។ សកម្មភាពពន្លត់ត្រូវបានធ្វើឡើង តាមរយៈរថយន្តពន្លត់ ទូកបាញ់ទឹក និងឧទ្ធម្ភាគចក្រដឹកទឹកស្រោចពីលើអាកាសថែមទៀត៕