(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ខ្លួនបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ៦០ករណីបន្ថែមទៀត នៅក្នុងរបាយការណ៍ថ្ងៃសុក្រនេះ ដែលធ្វើឱ្យចំនួននាក់ឆ្លងសរុបកើនដល់ ១៣,៦៧២ករណី ក្នុងនោះ ២៩៣នាក់ស្លាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។
ក្នុងចំណោមករណីថ្មីៗនេះ ៣៩ជាករណីនាំចូលពីក្រៅប្រទេស ដែលធ្វើឱ្យករណីប្រភេទនាំចូលកើនដល់ ២,០០៥ករណី ខណៈដែលករណីឆ្លងថ្មីផ្សេងទៀត គឺចេញមកពីចង្កោមឆ្លងតូចៗ នៅតាមសហគមន៍ ដែលមានការកើនឡើងក្នុងរយៈពេល ២២ថ្ងៃជាប់ៗគ្នា។ ដោយឡែកអ្នកជំងឺចំនួន ៦៤នាក់បន្ថែមទៀត ត្រូវបានអនុញ្ញាតឱ្យចេញពីចេញពីមន្ទីពេទ្យ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ១២,៤៦០នាក់។
គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដែលប្រទេសកូរ៉េខាងត្បូងបានផ្ទុះករណីឆ្លងជំងឺ COVID-19 ដំបូង ការធ្វើតេស្តសម្រេចបានលើមនុស្សជាង ១.៤៥លាននាក់ ក្នុងនោះ ១,៤១៤,២៣៥នាក់ចេញលទ្ធផលអវិជ្ជមាន និង ២៣,១១០នាក់កំពុងរង់ចាំលទ្ធផល៕