(ស៊ីដនី)៖ ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសអូស្ត្រាលី បានរកឃើញវិធីសាស្ត្រធ្វើតេស្ដថ្មីមួយ ដែលអាចរកឃើញ COVID-19 ក្នុងរយៈពេល ២០នាទី តាមរយៈការប្រើប្រាស់សំណាកឈាម ហើយក៏បានចាត់ទុកផងដែរថា នេះគឺជារបកគំហើញដំបូងបំផុត នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។
ក្រុមអ្នកស្រាវជ្រាវដឹកនាំសាកលវិទ្យាល័យ បាយអូព្រីយ៉ា (BioPRIA) និងផែ្នកវិស្វកម្មគីមី នៃសាកលវិទ្យាល័យ ម៉ូណាស៍ (Monash University) បានឱ្យដឹងថា ដោយមានវិធីសាស្ត្រធ្វើតេស្ដថ្មីខាងលើ ពួកគេអាចកំណត់បានថា តើអ្នកណាឆ្លង COVID-19 និងអ្នកដែលធ្លាប់ឆ្លង ឬឆ្លងហើយលាប់ឡើងវិញជាថ្មីជាដើម។
នៅក្នុងការធ្វើតេស្ដ ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីបានប្រើប្រាស់ប្លាស្មាចំនួន ២៥មីក្រូលីត្រ (microlitres) ដែលយកចេញពីសំណាកឈាម ដើម្បីតភ្ជាប់ ឬប្រមូលឡើងវិញនូវកោសិកាឈាមក្រហមមានផ្ទុក COVID-19។ បន្ថែមពីលើនេះពួកគេក៏សង្ឃឹមដែរថា សំណាករាប់រយទៀត អាចនឹងត្រូវធ្វើតេស្ដជារៀងរាល់ម៉ោង ក្នុងគោលបំណងស្វែងរកអង់ទីករ សម្រាប់ការផលិត និងជួយដល់ការធ្វើតេស្ដវ៉ាក់សាំងលើមនុស្ស។
គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះ ពិភពលោកទាំងមូលមានអ្នកឆ្លង COVID-19 ច្រើនជាង ១៣.៨លាននាក់ ក្នុងនោះជិត ៦០០,០០០នាក់បានស្លាប់។ ដោយឡែកអូស្ត្រាលីមានករណីឆ្លង COVID-19 ច្រើនជាង ១១,០០០ករណីក្នុងនោះស្លាប់ ១១៦នាក់៕