(ប៉េកំាង)៖ រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្គាប់ឱ្យក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់ នៅក្នុងចក្រភពអង់គ្លេស បញ្ឈប់ការទិញបរិក្ខា 5G ពីក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ចាប់ពីឆ្នាំក្រោយនេះតទៅ ហើយត្រូវដកចេញឱ្យអស់នូវរាល់បរិក្ខា ឬបច្ចេកវិទ្យា 5G នៃក្រុមហ៊ុនចិនចេញពីបណ្ដាញ networks របស់ពួកគេនៅត្រឹមឆ្នាំ២០២៧។
រដ្ឋមន្ត្រីបច្ចេកវិទ្យាឌីជីថល វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡានៃចក្រភពអង់គ្លេស លោក អូលីវើ ដូវដិន (Oliver Dowden) គឺជាអ្នកប្រាប់សភាអង់គ្លេស ពីការសម្រេចចិត្តខាងលើ ដែលបានធ្វើឱ្យទីក្រុងប៉េកាំងផ្ទុះកំហឹង ខណៈសហរដ្ឋអាមេរិកបានស្វាគមន៍ និងពេញចិត្តពេញថ្លើម ចំពោះការសម្រេចចិត្តបែបនេះ។ សហរដ្ឋអាមេរិក បានធ្វើការបញ្ចុះបញ្ចូលជាច្រើនលើក ឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ដូចជាបារាំង និងអាល្លឺម៉ង់ បញ្ឈប់ និងហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ដោយចោទថា ក្រុមហ៊ុយយក្សចិនមួយនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយគណបក្សកុម្មុយនិស្ដចិន។
ក្រុមហ៊ុន Huawei បានបដិសេធការចោទប្រកាន់បែបនេះ ហើយឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់អង់គ្លេស អ្នកនាំពាក្យក្រុមហ៊ុន Huawei បាននិយាយថា វាគឺជារឿងគួរឱ្យសោកស្ដាយ និងជាដំណឹងដ៏អាក្រក់ សម្រាប់ប្រជាជននៅក្នុងចក្រភពអង់គ្លេស។ ចិនមិនទាន់ចាត់វិធានការឆ្លើយតប ទៅនឹងការសម្រេចចិត្តរបស់អង់គ្លេសនៅឡើយទេ ប៉ុន្តែអ្វីដែលគេដឹងនោះគឺថា ចិនមានសន្លឹកបៀរសំខាន់ៗជាច្រើននៅក្នុងដៃ ដែលអាចឱ្យអង់គ្លេសប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរ។
នៅក្នុងចំណោមសន្លឹកបៀរទាំងនោះ ចិនអាចនឹងអំពាវឱ្យក្រុមហ៊ុន ឬអ្នកវិនិយោគចិនទាំងអស់ពិចារណាឡើងវិញ ឬក៏ដកខ្លួនចេញពីចក្រភពអង់គ្លេសតែម្ដង ដោយសំអាងថា ទីក្រុងឡុងដ៍មិនអាចរក្សាតម្លាភាព និងមានការរើសអើងចំពោះក្រុមហ៊ុនចិន ខណៈក្រុមហ៊ុនអង់គ្លេសនៅក្នុងប្រទេសចិនវិញ ក៏អាចនឹងកាន់តែពិបាករកស៊ីផងដែរ ដោយសារតែផលចំណេញនៃអាជីវកម្មរបស់ពួកគេ គឺពឹងផ្អែកទាំងស្រុងលើទំនាក់ទំនងទ្វេភាគីចិន-អង់គ្លេស។
បន្ថែមពីលើនេះ ចិនអាចនឹងលុបចោលការចាត់ទុកអង់គ្លេស ជាដៃគូពាណិជ្ជកម្មពិសេស ឬការអនុគ្រោះពាណិជ្ជកម្មនានា ដែលនេះនឹងធ្វើពាណិជ្ជកម្មទ្វេភាគីនឹងមានការធ្លាក់ចុះ តែចិននៅតែអាចដោះស្រាយបញ្ហានេះបាន តាមរយៈការបង្កើនតម្រូវការនៅក្នុងស្រុក។
ដោយឡែក បើនិយាយពីខាងវិស័យហិរញ្ញវត្ថុវិញ ចិនគឺជាទីផ្សារដ៏ធំសម្រាប់សេវាកម្មហិរញ្ញវត្ថុអង់គ្លេស។ ដូច្នេះបើចិនចាប់ផ្ដើមបង្វែរ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុជាមួយ ក្រុមហ៊ុនអង់គ្លេស ទៅកាន់ក្រុមហ៊ុនជាគូប្រជែងអង់គ្លេសនៅក្នុងតំបន់អឺរ៉ុប នោះទីក្រុងឡុងដ៍អាចនឹងមើលឃើញកាន់តែច្បាស់ ពីការខាតបង់កាន់តែធំធេង ខណៈខ្លួនបានសម្រេចចិត្ត លែងលះជាមួយសហភាពអឺរ៉ុបទៅហើយ។
ជម្លោះជាមួយចិនដែលអាចអូសបន្លាយរហូតដល់ នៅក្រោយចាកចេញពីសហភាពអឺរ៉ុប ឬ Brexit ជាផ្លូវការ មិនមែនជារឿងល្អសម្រាប់អង់គ្លេសនោះទេ។ ជាក់ស្ដែងអតីតមន្ត្រីជាន់ខ្ពស់ អង់គ្លេសមួយចំនួន ដូចជាអតីតរដ្ឋមន្ត្រីរតនាគារជាតិអង់គ្លេស លោក ជីម អូនៀល (Jim O'Neill) ក៏បង្ហាញកី្ដព្រួយបារម្ភផងដែរ ដោយខ្លាចអង់គ្លេសនឹងត្រូវខាតបង់ធ្ងន់ធ្ងរ នៅក្នុងជម្លោះជាមួយចិន ជាពិសេសពីបន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។
តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញខ្លះនៅតែយល់ដដែលថា ជម្លោះរវាងអង់គ្លេស និងចិនគឺគេត្រូវរង់ចាំមើលថា តើទីក្រុងប៉េកាំងនឹងប្រកាន់ជំហរបែបណា ឬក៏នឹងចាត់វិធានការសងសឹកកម្រិតណា ឆ្លើយតបទៅនឹងទីក្រុងឡុងដ៍ ខណៈជាទម្លាប់នៅក្នុងជម្លោះរវាងប្រទេសនឹងប្រទេសនៅពេលប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងររៀងៗខ្លួន ប្រទេសជាមហាអំណាចទាំងនោះ តែងតែវិលមករកតុចរចារកដំណោះស្រាយ៕
ប្រភព៖ Global Times (ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០)