(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក ថារ៉ូ កូណូ (Taro Kono) បានឲ្យដឹងនៅថ្ងៃសុក្រនេះថា លោកបានស្នើឲ្យសហរដ្ឋអាមេរិក ធ្វើតេស្តរកជំងឺ COVID-19 ទៅលើកងទ័ពអាមេរិកទាំងអស់ ដែលត្រូវធ្វើដំណើរមកកាន់ប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។
លោក Kono បានបញ្ជាក់ថា ក្រសួងការពារជាតិជប៉ុនបានស្នើឲ្យកងទ័ពអាមេរិកទាំងឡាយ ដែលត្រូវចេញដំណើរឆ្ពោះមកកាន់ជប៉ុន ត្រូវធ្វើតេស្តមួយលើកមុនពេលចាកចេញពីសហរដ្ឋអាមេរិក និងមួយលើកថែមទៀតពេលមកដល់ជប៉ុន។ បើតាមលោក Kono ខាង អាមេរិកបានឆ្លើយតបវិញថា ពួកគេកំពុងតែធ្វើការពិចារណាជុំវិញសំណើនេះ។
គួរជម្រាបថា ជប៉ុនបានដាក់សំណើបែបនេះ បន្ទាប់ពីករណីឆ្លង COVID-19 ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅតាមមូលដ្ឋានយោធា របស់សហរដ្ឋអាមេរិក លើកោះអូគីណាវ៉ា ដែលបានកើនដល់យ៉ាងតិចជិត១៤០ករណី៕