(ឈីកាហ្គោ)៖ ទិន្នន័យអំពីការអភិវឌ្ឍវ៉ាក់សាំង COVID-19 ចំនួនបី ក្នុងនោះក៏មានវ៉ាក់សាំង ដែលបាននិងកំពុងអភិវឌ្ឍដោយសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសផងដែរ គឺជាពន្លឺនៃក្តីសង្ឃឹមជាបណ្តើរៗសម្រាប់មនុស្សជាតិលើផែនដី ខណៈការធ្វើតេស្តនានាកន្លងមកបានបង្ហាញថា វ៉ាក់សាំងទាំងនេះអាចដាស់ប្រព័ន្ធភាពសុំា ឲ្យមានសមត្ថភាពទប់ទល់វីរុសកូរ៉ូណាថ្មីបាន ដោយមិនបង្កផលប៉ះពាល់ ដល់សុខភាពរបស់មនុស្សឡើយ។ នេះបើតាមការដកស្រង់ពី សារព័ត៌មាន CNA នាយប់ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។
មិនខ្វល់ថា តើវ៉ាក់សាំងមួយណាត្រូវបានអភិវឌ្ឍចេញលទ្ធផលមុននោះឡើយ ព្រោះប្រសិនបើវាអាចទប់ទល់វីរុសកូរ៉ូណាមែននោះ ជីវិតមនុស្សរាប់ពាន់លាននាក់នៅលើផែនដី នឹងមានក្តីសង្ឃឹមឡើងវិញ។ គិតត្រឹមពេលនេះ មនុស្សជាង ៦សែននាក់ហើយ បានស្លាប់ដោយសារជំងឺ COVID-19 ហើយវីរុសកូរ៉ូណា ដែលបង្កជំងឺនេះទៀតសោត គឺមានច្រើនប្រភេទ និងស្មុគស្មាញខ្លាំងណាស់ក្នុងការសិក្សា។ ហេតុដូច្នេះការផលិតវ៉ាក់សាំងណាមួយ ដែលអាចធ្វើការទប់ស្កាត់ជំងឺនេះបាន ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពនោះគឺត្រូវការពេលវេលា និងការប្រឹងប្រែងដ៏ធំធេងទៅមុខទៀត។
គួរបញ្ជាក់ថា ពីរក្នុងចំណោមវ៉ាក់សាំងកំពុងស្ថិតក្នុងការអភិវឌ្ឍចំនួនបីនោះ គឺមួយជារបស់ក្រុមហ៊ុនផលិតឱសថអាស្ត្រាហ្សេណេកា (AstraZeneca) និងមួយរបស់សាកលវិទ្យាល័យអុកស្វដ (Oxford) ដែលស្ថាប័នទាំងពីរនេះ ស្ថិតនៅក្នុងចក្រភពអង់គ្លេសដូចគ្នា ក្រោយការធ្វើតេស្តប៉ុន្មានដំណាក់កាលមកហើយ បានបង្ហាញឲ្យឃើញថា វ៉ាក់សាំងបានដាស់ប្រព័ន្ធភាពសុំារបស់ក្រុមអ្នកទទួលការធ្វើតេស្ត ឲ្យងើបឡើងទប់ទល់វីរុសកូរ៉ូណាថ្មី (COVID-19) បន្ទាប់ពីការចាក់វា បញ្ចូលទៅក្នុងខ្លួនម្នាក់ៗចំនួន ២ដូស (dose) ដោយគ្មានផលប៉ះពាល់ដល់សុខភាព។
ដោយឡែកវ៉ាក់សាំងកំពុងស្ថិតនៅក្នុងការអភិវឌ្ឍមួយទៀតនោះ គឺជារបស់ស្ថាប័នស្រាវជ្រាវឱសថនៃយោធាចិន និងក្រុមហ៊ុនខេនស៊ីណូបាយអូឡូជីក (CanSinoBiologics) ព្រោះក្រោយពីការចាក់វ៉ាក់សាំងនេះទៅលើ អ្នកស្ម័គ្រចិត្តប្រកបដោយសុខភាពល្អចំនួន ៥០៨នាក់ ភាគច្រើនក្នុងចំណោមពួកគេ មានការអភិវឌ្ឍប្រព័ន្ធភាពសុំា ដែលអាចទប់ទល់នឹងវីរុសកូរ៉ូណាថ្មីបាន ហើយក៏មិនមានបញ្ហាដល់សុខភាពនោះដែរ។
ទោះបីជាយ៉ាងណា ក្រុមអ្នកជំនាញនៅសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីន (Johns Hopkins) ដូចជាលោក ណាអ័រ បាហ្ស៊ីវ (Naor Bar-Zeev) និងលោក វីលៀម ម៉ូស (William Moss) ជាដើមបានលើកឡើងដូចៗគ្នាថា លទ្ធផលពីការធ្វើវ៉ាក់សាំងរបស់អង់គ្លេស និងចិនខាងលើនេះ គឺមានលក្ខណៈទូលំទូលាយ និងជាក្តីសង្ឃឹមដូចគ្នា៕