(សៅប៉ូឡូ)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានអះអាងថា លោកបានទទួលការធ្វើតេស្តជាថ្មីរួចហើយ ដោយវានឹងចេញលទ្ធផល នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល) ហើយលោកក៏សង្ឃឹមផងដែរថា នឹងបានជាសះស្បើយឡើងវិញ ក្រោយពីបានធ្លាក់ខ្លួនឈឺអស់ពីរសប្តាហ៍មកហើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។
លោក បូសូណារ៉ូ បានប្រាប់ក្រុមអ្នកគាំទ្ររបស់លោក នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលមានអ្នកចូលរួម និងមន្ត្រីនានាឈរនៅពីចម្ងាយយ៉ាងដូច្នេះថា «ខ្ញុំបានធ្វើតេស្តរួចហើយឥឡូវនេះ។ ព្រឹកថ្ងៃស្អែក (ថ្ងៃពុធ) លទ្ធផលនឹងចេញមក។ ប្រសិនបើព្រះជាម្ចាស់ចង់ប្រទានលទ្ធផលអវិជ្ជមាន នោះអ្វីៗនឹងវិលទៅរកភាពប្រក្រតីវិញ»។
គួរបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក ដែលកំពុងញាំញីយ៉ាងគំហុកបំផុត ដោយសារតែជំងឺរាតត្បាតសកល COVID-19 ប្រទេសប្រេស៊ីលគឺកំពុងឈរនៅលេខរៀងបន្ទាប់ពីនោះ ដោយមានករណីឆ្លងសរុបជាង ២.១លានករណី ក្នុងនោះស្លាប់ជាង ៨.១ម៉ឺននាក់ និងជាសះស្បើយវិញជាង ១.៤លាននាក់។ ប្រទេសប្រេស៊ីល សហរដ្ឋអាមេរិក និងមហាយក្សឥណ្ឌា គឺជាប្រទេសធំៗទាំងបី ដែលមានអត្រាឆ្លង COVID-19 កម្រិតកំពូលក្នុងលោក រហូតដល់ខ្ទង់រាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ និងមិនទាន់មានសញ្ញាធូរស្រាលនោះឡើយ៕