(វ៉ាស៊ីនតោន)៖ ប្រមុខការពារជាតិអាមេរិកលោក ម៉ាក អ៉ីស្ពើ (Mark Esper) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា លោកមិនបានចេញបញ្ជាឲ្យដកកងទ័ពអាមេរិក ចេញពីប្រទេសកូរ៉េខាងត្បូងនោះឡើយ ប៉ុន្តែមន្ទីរបញ្ចកោណអាចនឹងធ្វើការដោះដូរនានា នៅពេលទទួលបានបទបញ្ជា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។

ឆ្លើយតបទៅនឹងការលេចលឺព័ត៌មាន ចេញពីប្រទេសកូរ៉េខាងត្បូងថា លោក Epser បានបញ្ជាឲ្យដកកងទ័ពសហរដ្ឋអាមេរិក ចេញពីប្រទេសសម្ព័ន្ធមិត្តអាស៊ីបូព៌ាមួយនេះ លោករដ្ឋមន្ត្រីការពារជាតិរូបនេះបានគូសបញ្ជាក់ថា «ខ្ញុំមិនបានចេញបញ្ជាអ្វីសោះឡើយ ដើម្បីឲ្យដកកងទ័ពចេញពីឧបទ្វីបកូរ៉េនោះ។ យើងនឹងបន្តពិនិត្យមើលចំពោះ ការកែសម្រួលទៅលើគ្រប់ទីបញ្ជាការដើម្បីឲ្យប្រាកដច្បាស់ថា យើងអាចគ្រប់គ្រងកងកម្លាំងរបស់យើងបាន»

គួរបញ្ជាក់ថា ការលេចលឺព័ត៌មាន ដែលបង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតមានឡើងក្រោយពីរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា កំពុងគិតពិចារណាកាត់បន្ថយចំនួនកងទ័ពអាមេរិក នៅក្នុងទឹកដីកូរ៉េខាងត្បូង ខណៈដែលកូរ៉េខាងត្បូងហាក់នៅតែស្ទាក់ស្ទើរ មិនព្រមបង់ថ្លៃចំណាយបន្ថែមទៀត ទៅតាមការចង់បានរបស់អាមេរិក ដើម្បីជួយទ្រទ្រង់វត្តមានកងទ័ពអាមេរិក នៅក្នុងប្រទេសរបស់ខ្លួននោះ។ បច្ចុប្បន្នកងទ័ពអាមេរិកសរុប ២៨,៥០០នាក់ កំពុងមានវត្តមាននៅកូរ៉េខាងត្បូង៕