(បូហ្គូតា)៖ ក្រសួងការពារជាតិកូឡុំប៊ី បានឱ្យដឹងថា មនុស្ស៩នាក់បានស្លាប់ និង៦នាក់ទៀត រងរបួស នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង នៅឯតំបន់ភាគអាគ្នេយ៍នៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងការពារជាតិកូឡុំប៊ីបានឱ្យដឹងថា បំណែកឧទ្ធម្ភាគចក្រ UH-60 Black Hawk ដែលដឹកមនុស្ស ១៧នាក់ ត្រូវបានគេរកឃើញនៅតាមបណ្តោយដងទន្លេ Inirida ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកូឡុំប៊ី។ ដោយឡែក អ្នករងរបួសត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីព្យាបាល ខណៈក្រុមជួយសង្គ្រោះកំពុងបន្តការស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួន។
គួរជម្រាបថា បើតាមក្រសួងការពារជាតិកងទ័ពកូឡុំប៊ី ឧទ្ធម្ភាគចក្រនេះត្រូវបានបញ្ជូនឱ្យចូលរួមនៅក្នុងប្រតិបត្តិការយោធា ដើម្បីប្រឆាំងនឹងក្រុមប្រដាប់អាវុធ នៅតំបន់ Guaviare មុនពេលដែលវាធ្លាក់នៅព្រឹកថ្ងៃចន្ទសប្តាហ៍នេះ។ ក្រុមមន្ត្រីជំនាញ ជាច្រើននាក់ត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីកំណត់ ពីមូលហេតុនៃការធ្លាក់នេះ៕