(អាតែន)៖ នាយករដ្ឋមន្ត្រីក្រិកលោក ឃគីរីយ៉ាកូស មីតសូតាគីស (Kyriakos Mitsotakis) បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះថា សហភាពអឺរ៉ុប (EU) គួរតែដាក់ទណ្ឌកម្មទៅលើតួកគី ប្រសិនបើប្រទេសនេះ នៅតែបន្ត សកម្មភាពឈ្លានពានរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។
លោក Mitsotakis បានលើកឡើងយ៉ាងដូចនេះ នៅក្នុងជុំជួបជាមួយរដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់លោក ហេកូ ម៉ាអាស (Heiko Maas) នៅទីក្រុងអាតែន។ ជាយូរណាស់មកហើយប្រទេសតួកគី និងក្រិកមានទំនាស់ជុំវិញការទាមទារ ក្នុងការទាញយកធនធានធម្មជាតិ នៅបាត់សមុទ្រមេឌីទែរ៉ាណេខាងកើត។
រដ្ឋមន្ត្រីការបរទេសក្រិកលោក នីកូស ឌែនឌីយ៉ាស (Nikos Dendias) បាននិយាយថា ប្រទេសតួកគីបានបង្ហាញគម្រោងខួងរកធនធានអ៉ីដ្រូកាបូន (hydrocarbon) ដែលនេះជាការប៉ុនប៉ង ក្នុងការរំលោភអធិបតេយ្យភាពរបស់ប្រទេសក្រិក និងសាធារណរដ្ឋស៊ីប (Cyprus)។
ជុំវិញបញ្ហានេះដែរ លោក Maas បានគូសបញ្ជាក់ថា សហភាពអឺរ៉ុបបានប្រកាន់ជំហរច្បាស់លាស់លើបញ្ហានេះ នឹងបានបង្ហាញពីសាមគ្គីភាពជាមួយប្រទេសក្រិក និងសាធារណរដ្ឋស៊ីព។ លើសពីនេះទៅទៀត ប្រទេសអាឡឺម៉ង់ក្នុងនាមជាប្រធាន នៃក្រុមប្រឹក្សាអឺរ៉ុបនៅឆ្នាំ២០២០នេះ នឹងជំរុញឱ្យមានកិច្ចពិភាក្សា
ជាមួយរដ្ឋាភិបាលតួកគី ដើម្បីដោះស្រាយបញ្ហានេះផងដែរ៕