(ហ្សឺណេវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា ការចោទសួរពីឯករាជ្យភាពរបស់លោក ពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក មៃក៍ ប៉ុមប៉េអូ (Mike Pompeo) គឺជារឿងមិនអាចទទួលយកបានទេ ហើយក៏មិនអាចរំខានដល់អង្គការមួយនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 បាននោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០។
ឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែត នៅឯទីក្រុងហ្សឺណែវ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជុំវិញការលើកឡើងរបស់លោក ប៉ុមប៉េអូ ដែលថា WHO មិនមាន ឯករាជ្យភាព លោក Tedros បានលើកឡើងយ៉ាងដូច្នេះថា៖ «យោបល់នេះគឺមិនត្រឹមត្រូវទេ ហើយក៏មិនអាចទទួលយកបានដែរ...ការផ្តោតអារម្មណ៍ តែមួយគត់របស់យើងទាំងអស់គ្នា នៅពេលនេះគឺជាការជួយសង្គ្រោះអាយុជីវិតមនុស្ស»។
មិនតែប៉ុណ្ណោះប្រមុខអង្គការសុខភាពពិភពលោករូបនេះ បានសង្កត់ធ្ងន់ទៀតថា WHO នឹងមិនត្រូវបានរំខាន ដោយការអត្ថាធិប្បាយដែលគ្មានមូលដ្ឋាន ទាំងនេះទេ ហើយយើងក៏មិនចង់ឲ្យសហគមន៍អន្តរជាតិ បែកអារម្មណ៍ដោយសាររឿងនេះដែរ។
គួរជម្រាបថា ចាប់តាំងពីមានករណីផ្ទុះជំងឺឆ្លង COVID-19 មក រដ្ឋាភិបាលអាមេរិក ដែលដឹកនាំដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់យ៉ាងចាស់ ទៅលើអង្គការសុខភាពពិភពលោកថា គ្មានសមត្ថភាព និងបានចោទប្រកាន់អង្គការអន្តរជាតិមួយនេះថា ជាអាយ៉ងរបស់ចិន។ លើសពីនោះលោក ត្រាំ ថែមទាំងបានដកអាមេរិក ចេញពីអង្គការមួយនេះទៀតផង៕