(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចបន្ធូរបន្ថយលើការគ្រប់គ្រងការនាំចេញយន្តហោះដ្រូន ដោយលោកបានលើកឡើងថា ប្រទេសសម្ព័ន្ធមិត្តត្រូវការបច្ចេកវិទ្យាអាមេរិក ហើយថាប្រទេសផ្សេងទៀត ដែលនៅក្រៅកតិកាសញ្ញាមិនរីកសាយអាវុធ កំពុងតែដណ្តើមកាន់កាប់ទីផ្សារមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០។
សេតវិមានរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃសុក្រសប្តាហ៍នេះបានប្រកាសថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចយល់ព្រមលើការផ្លាស់ប្តូរផ្នែកខ្លះ នៃប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាមីស៊ីលឆ្នាំ១៩៨៧ ដែលហៅកាត់ថា MTCR ដោយមានប្រទេសចំនួន ៣៥ ព្រមព្រៀងដាក់កម្រិតលើការលក់ ប្រព័ន្ធចែកចាយអាវុធគ្មានមនុស្សបើក។
ប្រព័ន្ធត្រួតពិនិត្យ MTCR ត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យការរីកសាយភាយនៃគ្រាប់មីស៊ីល ដែលអាចបំពាក់ក្បាលនុយក្លេអ៊ែរបាន។ ប៉ុន្តែវាក៏បានគ្របដណ្តប់ លើយន្តហោះដ្រូនបំពាក់អាវុធដែរ បើទោះបីជានៅពេលនោះពួកវាមិនមែនជាអាវុធដ៏សំខាន់ នៅក្នុងជម្លោះប្រដាប់អាវុធ ដូចពេលបច្ចុប្បន្ននេះក៏ដោយ។
សេតវិមានបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «បទដ្ឋានរបស់ MTCR មានអាយុកាលជាងបីទសវត្សរ៍មកហើយ។ បទដ្ឋានដ៏ចាស់ហួសសម័យនេះ មិនត្រឹមតែផ្តល់ប្រយោជន៍ ដល់បណ្តាប្រទេសនៅក្រៅប្រព័ន្ធ MTCR និងធ្វើឲ្យប៉ះពាល់ដល់ឧស្សាហម្មអាមេរិកប៉ុណ្ណោះទេ តែវាបានររាំងសមត្ថភាពរបស់យើង ក្នុងការពារសត្រូវមកពីខាងក្រៅ ដ្បិតថាយើងមិនបានផ្តល់ឲ្យដៃគូរបស់យើង នូវប្រព័ន្ធបច្ចេកវិទ្យាទាំងនេះ»។
ទោះជាយ៉ាងណា សេចក្តីសម្រេចនេះបានបង្កជាក្តីព្រួយបារម្ភជាខ្លាំង ដល់ក្រុមអ្នកតស៊ូមតិជាច្រើន។ ពួកគេបាននិយាយថា ការលក់យន្តហោះគ្មានមនុស្សបើក ឬហៅថាដ្រូនដ៏ទំនើបរបស់សហរដ្ឋអាមេរិកនេះ ទៅឲ្យបណ្តាប្រទេសដ៏ទៃ នឹងជំរុញឲ្យមានការរត់ប្រណាំងខាងសភាអាវុធ កាន់តែខ្លាំងក្លាឡើងនៅទូទាំងសកលលោក។ សមាជិកព្រឹទ្ធសភាអាមេរិក បុប មែណិនដែស (Bob Menendez) បានថ្លែងថា «ការសម្រេចចិត្តដោយខ្វះការពិចារណានេះ ទំនងនឹងធ្វើឲ្យយើងនាំចេញអាវុធ ដែលមានគ្រោះថ្នាក់បំផុតរបស់យើង ទៅឲ្យអ្នករំលោភសិទ្ធិមនុស្សនៅទូទាំងពិភពលោក»៕