(វ៉ាស៊ីនតោន)៖ មន្ត្រីក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា អ្នកស្រាវជ្រាវជនជាតិចិនម្នាក់ ដែលបានរត់គេចពីអាជ្ញាធរទៅលាក់ខ្លួននៅក្នុង ស្ថានកុងស៊ុលចិនប្រចាំទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ពេលនេះត្រូវបានឃុំខ្លួន នឹងត្រៀមបញ្ជូនទៅតុលាការនាថ្ងៃចន្ទសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០។
យោងតាមតុលាការប្រចាំទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូនៅសប្តាហ៍នេះបានឱ្យដឹងថា លោកស្រី ហ័ន ថាង (Juan Tang) ធ្វើការនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាដាវីស (Davis) បានកុហកអាជ្ញាធរនៅក្នុងពាក្យស្នើសុំទិដ្ឋាការថា រូបនាងមិនបានបម្រើការ ឱ្យយោធាចិននោះទេ។ លោកស្រី Tang ត្រូវបានអាជ្ញាធរអាមេរិក ចោទប្រកាន់ពីបទឆបោកទិដ្ឋាការកាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅ។ ជុំវិញបញ្ហានេះដែរ ស្ថានទូតចិនមិនបានឆ្លើយតបនឹងសំណើ សុំការអត្ថាធិប្បាយនោះទេ។
មន្ត្រីក្រសួងយុត្តិធម៌ម្នាក់ បានប្រាប់អ្នកសារព័ត៌មានថា លោកស្រី ថាង ត្រូវបានឃុំខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយនឹងមិនទទួលបានអភ័យឯកសិទ្ធិការទូតនោះទេ ដោយសារតែលោកស្រីមិនបានប្រកាសថា ខ្លួនជាមន្ត្រីការទូតចិន។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង ស្របពេលដែលភាពតានតឹងផ្នែកនយោបាយ និងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងប្រទេសចិនកំពុងតែកើនឡើង។ ប្រទេសចិនកាលពីថ្ងៃសុក្រម្សិលមិញ បានបញ្ជាឱ្យសហរដ្ឋអាមេរិក បិទស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងឆឹងទូ (Chengdu) ខេត្តស៊ីឈាន់ ដើម្បីសងសឹកនឹងអាមេរិក ដែលបានបិទស្ថានកុងស៊ុលរបស់ចិន នៅទីក្រុងហូស្តុន (Houston) រដ្ឋតិចសាល់៕