(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានថ្លែងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ចក្រភពអង់គ្លេសនឹងឆ្លងផុតពីវិបត្តិ COVID-19 នៅពាក់កណ្តាលឆ្នាំ ២០២១ខាងមុន ប៉ុន្តែលោកនៅតែព្រួយបារម្ភពីការផ្ទុះឡើងជាលើកទី ២។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «គ្រប់គ្នាគួរតែចាក់វ៉ាក់សាំងផ្តាសាយធំ ដើម្បីការពារប្រព័ន្ធសុខភាពរបស់យើង មិនឱ្យជួបការលំបាកខ្លាំងនារដូវរងារខាងមុខ ក្នុងករណីដែល COVID-19 នៅតែបន្តរីករាតត្បាត»។ លោកបានសង្កត់ធ្ងន់ទៀតថា «ក្រុមអ្នកប្រឆាំងវ៉ាក់សាំងទាំងអស់ គឺជាមនុស្សមានបញ្ហាខួរក្បាល»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ អង់គ្លេសមានអ្នកឆ្លង COVID-19 សរុបជិត ២៩៨,០០០ករណី ក្នុងនោះស្លាប់ជាង ៤៥,៦០០នាក់ ប៉ុន្តែប្រទេសនេះមិនដែលបញ្ចេញតួលេខអ្នកជាសះស្បើយ ឬក៏អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដូចបណ្តាប្រទេសដទៃទៀតឡើយ៕