(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បានទទួលការធ្វើតេស្តរកវីរុសកូរ៉ូណា (COVID-19) ហើយសម្រាប់លទ្ធផលដែលចេញមកគឺ «អវិជ្ជមាន»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០។
មន្ត្រីប្រចាំការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា «លទ្ធផលគឺល្អណាស់។ អរគុណព្រះជាម្ចាស់ ដែលប្រធានាធិបតីរបស់យើង មានសុខភាពល្អបំផុត»។ លោក Widodo បានធ្វើតេស្តរក COVID-19 កាលពីយប់ថ្ងៃសុក្រ ក្រោយមកពីលោកបានជួបពិភាក្សាជាមួយលោក អាសម៉ាត់ ភួណូម៉ូ (Achmad Purnomo) អភិបាលរងទីក្រុងសូឡូ (Solo) ដែលបានធ្វើតេស្ត «វិជ្ជមាន» ចំពោះ COVID-19។
ទោះជាបែបនេះក្តី បើគេក្រឡេកមើលទៅលើករណីឆ្លង COVID-19 នៅប្រទេសធំជាងគេប្រចាំអាស៊ាននេះវិញ ពេលនេះបានកើនឡើងដល់ជាង ៩៥,៤០០ករណី ក្នុងនោះស្លាប់សរុបជាង ៤,៦០០នាក់ និងជាសះស្បើយឡើងវិញជាង ៥៣,០០០នាក់ ជាប់លេខ១នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះតែម្តង៕