(ម៉ុមបៃ)៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានថ្លែងថា ប្រទេសឥណ្ឌាត្រូវតែ «បង្កើនការប្រុងប្រយ័ត្ន» ព្រោះការគំរាមកំហែងពីសំណាក់វីរុសកូរ៉ូណា (COVID-19) កាន់តែឡើងខ្ពស់ទៅៗហើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០។
នៅរយៈពេលជិតមួយសប្តាហ៍ចុងក្រោយនេះ អត្រាឆ្លង COVID-19 នៅប្រទេសឥណ្ឌា បានលោតដល់ជិត ៥០,០០០នាក់ក្នុងមួយថ្ងៃ ដែលស្ទើរតែស្មើអត្រាឆ្លង នៅសហរដ្ឋអាមេរិកទៅហើយ។ ក្នុងនាមជាប្រទេសមានចំនួនករណីឆ្លង COVID-19 ច្រើនបំផុតលំដាប់លេខ ៣ លើលោក ឥណ្ឌាមានអ្នកឆ្លងសរុបជាង ១.៤៣លានករណី ក្នុងនោះស្លាប់ជិត ៣.៣ម៉ឺននាក់ និងជាសះស្បើយឡើងវិញជិត ៩២ម៉ឺននាក់។
នៅចំពោះគ្រោះមហន្តរាយដ៏ធំធេងបំផុតបែបនេះ លោក ណារិនដ្រា ម៉ូឌី បានថ្លែងទៅកាន់ប្រជាជាតិ កាលពីល្ងាចថ្ងៃអាទិត្យយ៉ាងដូច្នេះថា «គ្រោះមហន្តរាយបង្កឡើងដោយវីរុសកូរ៉ូណា គឺស្ថិតនៅឆ្ងាយពីទីបញ្ចប់នៅឡើយ។ តំបន់ជាច្រើនរបស់ឥណ្ឌា កំពុងតែផ្ទុះករណីឆ្លងយ៉ាងឆាប់រហ័ស។ ដូច្នេះយើងត្រូវតែ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្លាំងមែនទែន»។
ក្រុមអ្នកជំនាញឥណ្ឌា ក៏បានព្រមានផងដែរថា ចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសនេះ នឹងកើនឡើងបន្ថែមទៀត នៅប៉ុន្មានខែខាងមុខ ដោយសារតែការធ្វើតេស្តនឹងត្រូវបង្កើន។ ប្រការនេះនឹងធ្វើឲ្យវិស័យសុខាភិបាល ក្នុងប្រទេសដែលមានប្រជាជន ១.៣ពាន់លាននាក់មួយទៀត កាន់តែខិតជិតដល់មាត់ជ្រោះនៃការដួលរលំ៕