(តូក្យូ)៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន លោក យ៉ាស៊ូតូស៊ី នីស៊ីមួរ៉ា (Yasutoshi Nishimura) បាននិយាយថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងជំរុញឱ្យក្រុមហ៊ុន ឬអាជីវកម្មនានានៅក្នុងប្រទេស អនុញាតឱ្យបុគ្គលិករបស់ពួកគេ ៧០ភាគរយធ្វើការពីផ្ទះ និងពង្រឹងវិធានការរក្សាគម្លាតសុវត្ថិភាព ខណៈករណីឆ្លង COVID-19 កើនឡើងជាថ្មីនារយៈពេលប៉ុន្មាន សប្ដាហ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០។
ការប្រកាសខាងលើរបស់លោក Nishimura ធ្វើឡើងបន្ទាប់ពីទីក្រុងតូក្យូ កាលពីសប្ដាហ៍មុន បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ប្រចាំថ្ងៃ ៣៦៦នាក់ កាលពីថ្ងៃអាទិត្យម្សិលមិញ។ ចំណែកឯទីក្រុងហ្វូគូអូកា (Fukuoka) ក្នុងថ្ងៃដដែលក៏បានរកឃើញអ្នកឆ្លង COVID-19 ៩០ករណីថ្មី ហើយករណីឆ្លងនៅទីក្រុងអូសាកា ក៏បានកើនឡើងផងដែរ។
ប្រឈមមុខនឹងការកើនឡើងករណីឆ្លងនេះ លោក Nishimura បានអំពាវនាវឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន ឬអាជីវកម្មនានា ពង្រឹងវិធានការប្រយុទ្ធប្រឆាំងនឹង COVID-19 ក្នុងនោះរួមមានទាំងការអនុញ្ញាតឱ្យមានការធ្វើការពីផ្ទះ ៧០ភាគរយនៃបុគ្គលិកទាំងអស់ និងបញ្ជៀសឱ្យបាននូវ ការប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំ។
គួរបញ្ជាក់ថា បើតាមលោករដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន ចំនួនករណីឆ្លងថ្មីៗត្រូវបានរកឃើញ ភាគច្រើននៅក្នុងចំណោមអ្នកម្រើការ ក្នុងវិស័យសេវាកម្សាន្តដូចជា ក្លឹបកម្សាន្ត ឬបារជាដើម។ ទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលទីក្រុងតូក្យូបានអះអាងថា ស្ថានការណ៍បច្ចុប្បន្នមិនតម្រូវឱ្យមានការចាត់វិធានការ បិទប្រទេសសាជាថ្មីឡើយ៕