(អាមេរិក)៖ មិនត្រឹមតែមានសមត្ថភាពក្នុងការជីក និងបញ្ជូនសំណាកដី ឬថ្មពីភពអង្គារត្រឡប់មកផែនដីវិញទេ ដោយសូម្បីតែដុំថ្មដែលខ្ទាតចេញពីភពអង្គារ កាលពីរាប់សែនឆ្នាំមុននោះ ក៏យានស្រាវជ្រាវ Perseverance របស់អង្គការ NASA អាចរៀបចំដឹកជញ្ជូនត្រឡប់ទៅកាន់ភពកំណើតរបស់វាវិញដែរ។ នេះបើតាមការដកស្រង់ព័ត៌មានពី BBC នាល្ងាចថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០។
ដុំថ្មភពអង្គារមួយដុំនេះមានឈ្មោះថា Sayh al Uhaymir 008 ឬហៅខ្លីថា SaU 008 ត្រូវបានរកឃើញនៅឆ្នេរសមុទ្រប្រទេសអូម៉ង់ កាលពីឆ្នាំ១៩៩៩ ដោយវាត្រូវបានគេសង្ស័យថា បានធ្លាក់មកលើភពផែនដីកាលពី ១,០០០ឆ្នាំមុននេះ និងត្រូវបានតម្កល់ទុកក្នុងសារៈមន្ទីរនៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ SaU 008 មិនមែនជាដុំថ្មតែមួយដុំនោះឡើយ ដែលត្រូវបានរកឃើញថា មានប្រភពមកពីភពព្រះអង្គារ និងត្រូវបានរកឃើញលើផែនដីយើង។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក និងអឺរ៉ុប ដែលបានសិក្សារួមគ្នាកន្លងមកនេះ ដុំថ្ម SaU 008 ត្រូវបានបង្កើតឡើងកាលពី ៤៥០លានឆ្នាំមុននៅលើផ្ទៃភពអង្គារ ហើយក្រោយមកទៀតទើបមានអាចម៍ផ្កាយ ឬក៏ផ្កាយដុះកន្ទុយមួយបានធ្លាក់បុកភពអង្គារ ពេញមួយទំហឹងកាលពីចន្លោះ ៦០០,០០០ឆ្នាំ ទៅ ៧០០,០០០ឆ្នាំមុន។ បន្ទាប់មកទៀតបំណែកដុំថ្មនោះ បានខ្ទាតចេញភពអង្គារ រួចអណ្តែតត្រសែតមកធ្លាក់លើផ្ទៃផែនដីកាលពី ១,០០០ឆ្នាំមុន។
គួរបញ្ជាក់ថា យានស្រាវជ្រាវភពអង្គារថ្មីរបស់អង្គការ NASA គឺ Perseverance នឹងត្រូវបាញ់បញ្ជូនចេញពីភពផែនដី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ (ពេលវេលានៅអាមេរិក) ដើម្បីធ្វើដំណើរឆ្ពោះទៅភពអង្គារ។ យាននេះមានតួនាទីបន្ថែមពីលើយាន Curiosity ដែលកំពុងមានវត្តមានស្រាប់លើភពលោកក្រហមនោះ និងបានបំពេញប្រតិបត្តិការជាង ១០ឆ្នាំមកហើយ។
បើតាមផែនការគ្រោងទុក យាន Perseverance មានទំហំប៉ុនរថយន្តមួយគ្រឿង នឹងត្រូវចុះចតនៅក្នុងរណ្តៅ Jzero នៃអឌ្ឍគោលខាងជើងភពអង្គារ ដែលមានមុខកាត់ជិត ៥០គីឡូម៉ែត្រ។ រណ្តៅនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ធ្លាប់ជាកន្លែងស្តុកទឹកដ៏ធំមួយដែរនៅលើភពអង្គារ កាលពីភពនេះនៅមានបរិយាកាស និងទឹកស្រដៀងៗនឹងផែនដីកាលពីរាប់ពាន់លានឆ្នាំមុន ហើយក៏អាចជាកន្លែងដែលក្រុមអ្នកវិទ្យាសាស្ត្រ អាចរកឃើញដាននៃជីវិត ដែលធ្លាប់មានកើតមានលើភពនោះផងដែរ៕