(ស៊ីដនី)៖ អាជ្ញាធរសុខាភិបាលអូស្រ្តាលី នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 រហូតទៅដល់ ៥៤៩នាក់ និងករណីស្លាប់ថ្មី ចំនួន១០នាក់បន្ថែមទៀតនៅទូទាំប្រទេស ហើយនេះជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីមានករណីផ្ទុះជំងឺឆ្លងនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០។
ករណីស្លាប់ទាំងអស់ និងស្ទើរតែទាំងអស់នៃករណីឆ្លងខាងលើ បានផ្ទុះឡើងនៅរដ្ឋវិចតូរៀ (Victoria) ភាគអាគ្នេយ៍នៃប្រទេស។ វិចតូរៀ ដែលជារដ្ឋមានប្រជាជន រស់នៅច្រើនជាងគេបំផុតលំដាប់ទី២របស់អូស្រ្តាលី បានស្គាល់នូវការកើនឡើងនៃករណីឆ្លងថ្មីៗយ៉ាងគំហុក មួយរយៈពេលចុងក្រោយនេះ បើទោះបីជាមានការដាក់ ចេញឡើងវិញនូវវិធានការរក្សាគម្លាតសុវត្ថិភាព ក៏ដោយ។
បើតាមអាជ្ញាធរសុខាភិបាអូស្ត្រាលី មណ្ឌលថែទាំមនុស្សចាស់នៅរដ្ឋ Victoria បានក្លាយជាកង្វល់មួយដ៏ធំសម្រាប់អាជ្ញាធរ ដ្បិតថាអ្នកជំងឺភាគច្រើនដែលបានស្លាប់ បាត់បង់ជីវិត ដោយសារ COVID-19 នៅប្រទេសអូស្ត្រាលី គឺមានអាយុចន្លោះពី៧០ និង ៨០ឆ្នាំ។ គិតត្រឹមថ្ងៃចន្ទនេះ រដ្ឋ Victoria មានករណីសកម្មជាង ៦០០ករណី ហើយ ដែលមានជាប់ទាក់ទងនឹងសេវាថែទាំមនុស្សចាស់។
គួរជម្រាបថា រហូតមកទល់ពេលនេះ អូស្ត្រាលីមានករណីឆ្លងសរុប ១៤,៩៣៥ ករណី ក្នុងនោះស្លាប់១៦១ នាក់ និងជាសះស្បើយ ៩,១៧១ នាក់៕