(ហុងកុង)៖ អាជ្ញាធរទីក្រុងហុងកុង បានប្រកាសបទបញ្ជាថ្មីមួយនៅថ្ងៃចន្ទនេះថា ប្រជាជនទាំងអស់ត្រូវតែពាក់ម៉ាស់ការពារ រាល់ពេលដែលចេញទៅទីសាធារណៈ ហើយអាជ្ញាធរក៏បានបង្ហាញអំពីវិធានការយ៉ាងតឹងរ៉ឹងបំផុត អំពីការរក្សាកម្លាតសុវត្ថិភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃការឆ្លងជំងឺ COVID-19 នេះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន India Times នាល្ងាចថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះ។
អគ្គលេខាធិការនៃទីក្រុងហុងកុងលោក ម៉ាត់ស៊ូ ជុង (Matthew Cheung) បានប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា «ស្ថានភាពជម្ងឺរាតត្បាតសកល (COVID-19) នៅតែមានសភាពធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នៅឡើយ»។ លោក Cheung បានណែនាំឲ្យហាមឃាត់ការជួបជុំ ដែលមានមនុស្សច្រើនលើសពីពីរនាក់ ដែលប្រមូលផ្ដុំនៅតាមសាធារណៈ ហើយនៅតាមភោជនីយដ្ឋាននានា ត្រូវបានអនុញ្ញាតឲ្យបម្រើអតិថិជន បានត្រឹមតែអាហារដែលខ្ចប់ចេញក្រៅប៉ុណ្ណោះ។
គួរបញ្ជាក់ថា ទីក្រុងហុងកុងដែលមានប្រជាជនរស់នៅជាង ៧លាននាក់ កន្លងមកនេះត្រូវបានចាត់ទុកថា បានព្យាយាមទប់ស្កាត់ការរាតត្បាត COVID-19 ប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការឆ្លងបានកក្រើកឡើងវិញ ដែលបានធ្វើឲ្យករណីឆ្លងសរុបកើនដល់ ២,៧៧៩ករណី ក្នុងនោះស្លាប់ ២០នាក់ និងជាសះស្បើយវិញ ១,៤៩៥នាក់៕