(ម៉ានីល)៖ ចំនួនករណីឆ្លងវីរុសកូវីត១៩ នៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់៨២,០៤០នាក់ បន្ទាប់ពីក្រសួងសុខាភិបាល (DOH) នៃប្រទេសអាស៊ានមួយនេះ បានរាយការណ៏ពីករណីឆ្លងថ្មីៗចំនួន១,៦៥៧ករណីថែមទៀត នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលហ្វីលីពីន ក៏បានបញ្ជាក់ដែរថា ចំនួននៃអ្នកជាសះស្បើយបានកើនដល់ ២៦,៤៤៦នាក់ បន្ទាប់ពីអ្នកជំងឺ៣៥៩នាក់ បន្ថែមទៀតបានជាសះស្បើយ។ ហើយចំនួនអ្នកស្លាប់វិញក៏កើនឡើងដែរ គឺដល់១,៩៤៥នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺ១៦នាក់ទៀត ទើប តែបានស្លាប់ ដោយសារជំងឺនេះ។

ដោយឡែក នៅក្នុងការថ្លែងសុន្ទរកថាថ្នាក់ជាតិជាលើកទី៥ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បាននិយាយថា ឥឡូវនេះប្រទេសហ្វីលីពីន មានមន្ទីរពិសោធន៍ដែលត្រូវបានទទួលស្គាល់ចំនួន៩៣ទីតាំង នៅទូទាំងប្រទេសហើយ ហើយប្រទេសលោកមានគោលដៅ ការធ្វើតេស្តរក COVID-19 ឲ្យដល់ចំនួន១.៤លានតេស្ត គិតត្រឹមនៅចុងខែកក្កដានេះ។

នាឱកាសនោះ លោក ឌូតឺតេ បានទទូចសុំឲ្យសាធារណជនជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងកំឡុងការបន្តរាតត្បាតនៃជំងឺនេះ៕