(វែលលីងតុន)៖ ប្រទេសនូវែលសេឡង់ នៅថ្ងៃអង្គារនេះ បានប្រកាសថា ខ្លួនបានសម្រេចព្យួរសន្ធិសញ្ញាធ្វើបត្យាប័នជាមួយទីក្រុងហុងកុង ព្រមទាំងបានធ្វើការផ្លាស់ប្តូរមួយ ចំនួនផងដែរ ដោយសារការសម្រេចចិត្តរបស់ចិន ក្នុងការដាក់ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០។
លោក Winston Peters រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា៖ «នូវែលសេឡង់ លែងជឿជាក់ថាប្រព័ន្ធយុត្តិធម៌ ព្រហ្មទណ្ឌរបស់ទីក្រុងហុងកុង មានឯករាជ្យភាពពីប្រទេសចិន ទៀតហើយ…ការអនុម័តច្បាប់សន្តិសុខជាតិថ្មីរបស់ប្រទេសចិន គឺបានលុបបំបាត់គោលការណ៍ច្បាប់ ដែលធ្វើ ឲ្យអន្តរាយដល់គោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ»។
ទោះជាយ៉ាងណា ប្រមុខកាទូតរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើចិនត្រឡប់ទៅប្រកាន់ខ្ជាប់គោលការណ៍ ប្រទេសមួយ ប្រព័ន្ធពីរវិញ នោះនូវែលសេឡង់ នឹងអាចពិចារណា ឡើងវិញនូវសេចក្តីសម្រេចចិត្តនេះ។
គួរជម្រាបថា ច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង ដែលត្រូវបានអនុម័ត ក្នុងគោលដៅបញ្ឈប់បាតុកម្មតវ៉ា និងការបះបោរផ្តាច់ខ្លួនពីចិន កាលពីចុងខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ ត្រូវបានបណ្តាប្រទេសលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិក និងអង់គ្លេស ថ្កោលទោសយ៉ាងខ្លាំង ហើយថែមទាំងបានចាត់វិធានការនានាប្រឆាំងនឹង ចិនទៀតផង។ ជាក់ស្តែង កាលពីសប្តាហ៍កន្លងទៅនេះ ភាគីអង់គ្លេស ក៏បានសម្រេចប្រកាសពីការព្យួរសន្ធិសញ្ញាធ្វើបត្យាប័នជាមួយទីក្រុងហុងកុង ផងដែរ៕