(សិង្ហបុរី)៖ ប្រធានាធិបតីសិង្ហបុរី លោកស្រី ហាលីម៉ាស់ យ៉ាក់កូប (Halimah Yacob) បានអំពាវនាវឲ្យប្រជាជនសិង្ហបុរីទាំងអស់រួបរួមគ្នាជាមួយរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្នុង កិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្ដិ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០។

លោកស្រី ហាលីម៉ាស់ បានថ្លែងបែបនេះនៅក្នុងពិធីធ្វើសច្ចាប្រណិធាន ដើម្បីកាន់តំណែងថ្មីកាលពីថ្ងៃចន្ទម្សិលមិញ។ លោកស្រី បានសម្តែងភាពសប្បាយរីករាយ និងថ្លែងអំណរ គុណចំពោះប្រជាជនសិង្ហបុរីទាំងអស់ ដែលបានលះបង់ និងប្រមូលធនធានដើម្បីជួយគ្នាក្នុងគ្រាដែលប្រទេសកំពុងជួបគ្រោះអាសន្ន នៃការឆ្លងរាតត្បាត COVID-19។ លោកស្រី ក៏បានគូសបញ្ជាក់ដូច្នេះដែរថា៖ «យើងកំពុងប្រមូលធនធានរបស់យើង ដើម្បីធ្វើការឆ្លើយតបនៅចំពោះមុខបញ្ហា ដែលយើងកំពុងប្រឈមនេះ»

គួរបញ្ជាក់ថា លោកស្រី ហាលីម៉ាស់ បានយល់ព្រមលើសំណើរបស់រដ្ឋាភិបាល ក្នុងការស្នើសុំកញ្ចប់ថវិកាច្រើនជាង ៥០ពាន់លានដុល្លារសិង្ហបុរី ដើម្បីទប់ស្កាត់ផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ច ជាពិសេសការបាត់បង់ការងារ៕