(ញូដេលី)៖ ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌាបានរាយការណ៍នាថ្ងៃអង្គារនេះថា មានអ្នកស្លាប់ថ្មីៗដោយសារកូវីត១៩ចំនួន៦៥៤នាក់ និងអ្នកឆ្លងថ្មីៗចំនួន៤៧,៧០៣ករណីថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៣,៤២៥ករណី និងអ្នកឆ្លងសរុបដល់ ១,៤៨៣,១៥៦ករណី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារពត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌា សរុបរហូតមកដល់ពេលនេះ អ្នកជំងឺចំនួន៩៥២,៧៤៣នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយឡើងវិញ ហើយអ្នកកំពុងបន្តទទួលការព្យាបាលស្ថិតនៅចំនួន៤៩៦,៩៨៨នាក់។ បច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌា កំពុងផ្តោតសំខាន់ទៅលើការបង្កើនការធ្វើតេស្តរកអ្នកជំងឺ ដែលប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ។
បើតាមតួលេខរបស់ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌា (ICMR) ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ចំនួនសំណាកដែលត្រូវបានធ្វើតេស្ត គឺមានច្រើនជាង ៥០ម៉ឺនតេស្តក្នុងមួយថ្ងៃ។ នាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី (Narendra Modi) បានប្រកាសកាលពីថ្ងៃចន្ទថា ចំនួននេះនឹង ត្រូវបង្កើនឲ្យដល់ ១លានតេស្តក្នុងមួយថ្ងៃ ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។
នៅចំពោះមុខការរីករាលដាលនៃវីរុសកូវីត១៩នេះ រដ្ឋាភិបាលឥណ្ឌាបានសម្រេចពង្រីកចំណាត់ការរឹតត្បិតបន្ថែមទៀត រួមមានទាំងទៅលើការធ្វើប្រតិបត្តិការជើងហោះហើរក្នុងស្រុកផងដែរ។ បច្ចុប្បន្ននេះ ប្រតិបត្តិការជើងហោះហើរក្នុងស្រុក ត្រូវបានអនុញ្ញាតឲ្យដំណើរការនៅចំណុះត្រឹម៤៥ភាគរយប៉ុណ្ណោះ៕