(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ប្រទេសចិនបានប្រកាសព្យួរសន្ធិសញ្ញាពាក់ព័ន្ធការធ្វើបត្យាប័នរបស់ទីក្រុងហុងកុង ជាមួយកាណាដា អូស្រ្តាលី និងចក្រភពអង់គ្លេស បន្ទាប់ពីប្រទេសទាំង៣ បានធ្វើការសម្រេចចិត្តបែបនេះមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០។
ប្រទេសទាំង៣ខាងលើ សុទ្ធតែបានបង្ហាញក្តីបារម្ភរៀងៗខ្លួន ជុំវិញច្បាប់សន្តិសុខជាតិថ្មីមួយ ដែលទើបតែត្រូវបានអនុម័តសម្រាប់ហុងកុង នាពេលកន្លងទៅនេះ មុនពេលពួកគេប្រកាសព្យួរសន្ធិសញ្ញាធ្វើបត្យាប័នរបស់ខ្លួន ជាមួយនឹងទីក្រុងហុងកុង។ ទាក់ទងទង្វើរបស់កាណាដា អូស្រ្តាលី និងចក្រភពអង់គ្លេស លោក វ៉ាង វិនប៊ីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា វាជារឿងខុសឆ្គង ហើយរំលោភបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានទូទៅនៃទំនាក់ទំនងអន្តរជាតិ។
គួរជម្រាបថា នៅថ្ងៃអង្គារនេះ នូវែលសេឡង់ក៏បានប្រកាសព្យួរសន្ធិសញ្ញាធ្វើបត្យាប័ន ជាមួយហុងកុងផងដែរ ខណៈរដ្ឋាភិបាលប៉េកាំង បានសម្តែងការជំទាស់ និងទទូចឲ្យនូវែលសេឡង់កែតម្រូវ ការសម្រេចចិត្តមិនត្រឹមត្រូវរបស់ខ្លួនជាបន្ទាន់ ហើយបានបញ្ជាក់ថាចិនមាន សិទ្ធិគ្រប់គ្រាន់ ដើម្បីធ្វើការឆ្លើយតបដោយសមស្របទៅវិញ៕