(ព្យុងយ៉ាង)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានប្រកាសដាក់ចេញនូវវិធានការដ៏តឹងរ៉ឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 បន្ទាប់ពីបាន ប្រកាសពីការរកឃើញករណីសង្ស័យដំបូងបំផុតរបស់ខ្លួន កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសរព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ឲ្យដឹងថា វិធានការធ្វើចត្តាឡីស័ក និងការត្រួតពិនិត្យទ្រង់ទ្រាយធំនៅតាមតំបន់នានា កំពុងដាក់ឲ្យដំណើរការ យ៉ាងសកម្ម ខណៈឧបករណ៍ធ្វើតេស្ត, សម្លៀកបំពាក់ការពារ និងឧបករណ៍វេជ្ជសាស្ត្រ ក៏ត្រូវបានផ្គត់ផ្គង់ទៅកាន់តំបន់នានាផងដែរ។ ទាំងនេះគឺជាវិធានការរឹតត្បិតបន្ថែម មួយកម្រិតទៀត ដែលអាជ្ញាធរកូរ៉េខាងជើងបានដាក់ចេញ បន្ទាប់ពីខ្លួនបានបិទទីក្រុង Kaesong ស្ថិតនៅតំបន់ព្រំដែនជាប់កូរ៉េខាងត្បូង កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រោម ហេតុផលថា ករណីសង្ស័យដំបូងបំផុតនៃការឆ្លង COVID-19 ត្រូវបានរកឃើញនៅលើជននិរទេសម្នាក់ ដែលទើបមកពីកូរ៉េខាងត្បូង ដោយឆ្លងព្រំដែនខុសច្បាប់មកកាន់ កូរ៉េខាងជើង តាមទីក្រុងមួយនេះ។
ជុំវិញករណីសង្ស័យនេះ ត្រូវបានអ្នកអង្កេតការណ៍ បង្ហាញក្តីបារម្ភកាន់តែខ្លាំងឡើងជុំវិញស្ថានការណ៍ COVID-19 នៅក្នុងប្រទេសកូរ៉េខាងជើង ដ្បិតប្រព័ន្ធថែទាំសុខភាព របស់ប្រទេសដ៏ឯកោមួយនេះ គឺមានភាពទន់ខ្សោយបំផុត ខ្វះទាំងអគ្គីសនីប្រើប្រាស់ ខ្វះមន្ទីពេទ្យ ខ្វះថ្នាំសង្កូវ និងផ្សេងៗទៅទៀត។ ទោះជាយ៉ាងណា បើយោងតាម របាយការណ៍របស់អង្គការសុខភាពពិភពលោក WHO គិតត្រឹមថ្ងៃទី១៦ ខែកក្កដានេះ កូរ៉េខាងជើងបានធ្វើតេស្តរក COVID-19 លើមនុស្សចំនួន ១,២១១នាក់ ហើយជា លទ្ធផលគឺ «អវិជ្ជមាន» ទាំងអស់៕