(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក Anthony Fauci បានព្រមានឱ្យបណ្ដារដ្ឋមួយចំនួននៅក្នុងសហរដ្ឋអាមេរិក ក្នុងនោះរួមមាន រដ្ឋអូហៃយ៉ូ (Ohio), រដ្ឋថេនណេស៊ី (Tennessee), រដ្ឋខេនទូកគី (Kentucky), និងរដ្ឋឥណ្ឌាណា (Indiana) បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការកើនឡើងនៃករណីឆ្លង COVID-19។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។
បើតាមលោក Fauci រដ្ឋអូហៃយ៉ូ, រដ្ឋថេនណេស៊ី, រដ្ឋខេនទូកគី, និងរដ្ឋឥណ្ឌាណា បានស្ថិតក្នុងចំណោមរដ្ឋ ដែលកំពុងប្រឈមមុខនឹងការកើនឡើងនៃករណីឆ្លង COVID-19 ដោយភាគរយ នៃការធ្វើតេស្តសរុបមានចំនួនវិជ្ជមានច្រើនគួរឱ្យបារម្ភ។ លោក Fauci ក៏បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ MSNBC ដែរថាការប្រកាន់ខ្ជាប់នូវ គោលការណ៍មួយចំនួន ដែលអាចជួយបញ្ឈប់ការកើនឡើងនៃករណី COVID-19 ក្នុងនោះរួមមានការពាក់ម៉ាស, ការបញ្ជៀសការប្រមូលផ្ដុំគ្នា, ការរក្សាគម្លាតសុវត្ថិភាព, ការលាងសម្អាតដៃ និងរក្សាអនាម័យឱ្យបានស្អាតជាប្រចាំជាដើម។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 ៤.៥លាននាក់ ក្នុងនោះស្លាប់ ១៥៣,៨៤៥នាក់ និងជាសះស្បើយឡើងវិញ ២.២លាននាក់៕