(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហោះយានអាចចល័តបាន (Rover) ជំនាន់ថ្មីរបស់ខ្លួន ឈ្មោះថា «Perserverance» ដើម្បីបញ្ជូនឆ្ពោះទៅកាន់ភពអង្គារ (Mars)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។
យាន Perserverance បានចាកចេញពីផ្ទៃផែនដីឡើងទៅកាន់ទីអវកាស នាវេលាម៉ោង០៧៖៥០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ពេលវេលា នៅតំបន់ភាគខាងកើតសហរដ្ឋអាមេរិក) តាមរយៈគ្រាប់រ៉ុក្កែត Atlas V របស់ក្រុមហ៊ុន United Launch Alliance (ALU) នៅឯរដ្ឋផ្លូរីដា។ Perserverance បានផ្តាច់ខ្លួនចេញពីគ្រាប់រ៉ុក្កែតដោយសុវត្ថិភាព និងកំពុងតែសំដៅទៅរកភពអង្គារ។
គួរជម្រាបថា នាពេលកន្លងទៅក្នុងខែកក្កដានេះ អេមីរ៉ាត់អារ៉ាប់រួមនិងចិនក៏ទើបតែបានបញ្ជូនយានរៀងៗខ្លួន ឆ្ពោះទៅកាន់ភពអង្គារដែរ ខណៈពួកវាសុទ្ធតែជាបេសកកម្មលើកដំបូងសម្រាប់ប្រទេសទាំងពីរ។ ស្របពេលដែលយានរបស់អេមីរ៉ាត់អារ៉ាប់រួម បានត្រឹមទៅហោះ គោចរជុំវិញ Mars បេសកកម្មរបស់ចិនឈ្មោះថា Tianwen-1 នឹងចុះចតនៅលើផ្ទៃរបស់វា ហើយក៏មានយានរ៉ូវើដូច NASA ដើម្បីចល័ត ដែរ។
មូលហេតុដែលប្រទេសទាំង៣ នាំគ្នាបញ្ជូនយានទៅកាន់ភពអង្គារ ក្នុងខែកក្កដានេះតែមួយដូចគ្នា គឺដោយសារវាជាពេលដែល ផែនដីនិង ភពអង្គារគោចរនៅចម្ងាយកៀកគ្នាបំផុត។ យាន Perserverance ត្រូវគេរំពឹងថា នឹងចុះទៅលើផ្ទៃរបស់ភពអង្គារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ បេសកកម្មរបស់វា គឺស្វែងរកស្លាកស្នាមនៃវត្តមានទម្រង់ជីវិត ដែលអាចមាននៅលើភពក្រហមនោះ កាលពីអតីតកាល៕