(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងនូវលទ្ធភាពនៃ ការពន្យារពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលបើតាមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក គឺត្រូវតែប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។
ដោយគ្មានភស្តុតាងអ្វីទាំងអស់ លោក ដូណាល់ ត្រាំ បង្ហោះសារនៅលើបណ្តាញសង្គម Twitter ដោយអះអាងសាជាថ្មីម្តងទៀតដូច្នេះថា «ការអនុញ្ញាតឲ្យបោះឆ្នោតពីចម្ងាយតាមតាម ប្រៃសណីយ៍ (Mail-In Vote) នឹងមានភាពក្លែងបន្លំ និងមិនច្បាស់លាស់ត្រឹមត្រូវនោះឡើយ ។ ដូច្នេះហើយ គួរពន្យារពេលថ្ងៃបោះឆ្នោត រហូតទាល់តែប្រជាជនអាមេរិកអាចធ្វើការបោះឆ្នោត ដោយត្រឹមត្រូវ ដោយសុវត្ថិភាព និងមានសន្តិសុខត្រឹមត្រូវ យ៉ាងម៉េចដែរ?»។
គួរជម្រាបថា មកទល់ពេលនេះ នៅសល់មិនដល់១០០ថ្ងៃទៀតឡើយ គឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងត្រូវរៀបចំឡើង។ ពាក់ព័ន្ធនឹងកាលបរិច្ឆេទបោះឆ្នោត ប្រធានាធិបតីអាមេរិកមិនមានសិទ្ធិលើកពេលនោះទេ ខណៈរដ្ឋធម្មនុញ្ញអាមេរិកបានផ្តល់អំណាចឲ្យ សភាដើម្បីជាអ្នកកំណត់ថ្ងៃបោះឆ្នោត៕