(អាមេរិក)៖ លោក Herman Cain អតីតបេក្ខជនប្រធានាធិបតីអាមេរិកនៃគណបក្សសាធារណរដ្ឋ បានទទួលមរណភាពនៅវ័យ៧៤ឆ្នាំ ក្រោយឆ្លងជំងឺ COVID-19។ នេះបើតាមសម្តីអ្នកនាំពាក្យរបស់លោក ដែលចុះផ្សាយដោយសារព័ត៌មានអាមេរិក The Hill នៅយប់ថ្ងៃ ព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។
គួរជម្រាបថា លោក Cain ត្រូវបានធ្វើតេស្តរកឃើញថាឆ្លងជំងឺ COVID-19 កាលពីខែមិថុនាកន្លងទៅ ហើយក៏ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បីទទួលការព្យាបាល នៅថ្ងៃទី០១ ខែកក្កដា គឺ១០ថ្ងៃបន្ទាប់ពីលោកបានចូលរួម ព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្រដែលរៀបចំ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុង Tulsa រដ្ឋ Oklahoma។
កន្លងទៅក្នុងសប្តាហ៍នេះ អ្នកនាំពាក្យរបស់លោក Cain ទើបតែបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ដើម្បីប្រាប់ឲ្យដឹងថា លោក Cain ត្រូវបានគ្រូពេទ្យដាក់អុកស៉ីសែន ដើម្បីជួយសួតរបស់លោកដកដង្ហើម ខណៈលោកបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕