(រីយ៉ាដ)៖ ព្រះចៅ សាលម៉ាន់ ប៊ីន អាប់ឌុលឡាស៊ីស អាល់ ស៊ូដ (Salman bin Abdulaziz Al Saud) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានយាងចេញពីមន្ទីរពេទ្យស្តេចហ្វាល់សាល់ (King Faisal) ស្ថិតក្នុងទីក្រុងរីយ៉ាដវិញហើយ បន្ទាប់ពីអការៈរោគរបស់ព្រះអង្គបានធូរស្រាល ក្រោយការវះកាត់ថង់ទឹកប្រមាត់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។
ព្រះចៅ សាលម៉ាន់ បានយាងចូលមន្ទីរពេទ្យទីក្រុងរីយ៉ាដ និងទទួលការវះកាត់ កាលពីថ្ងៃទី២៣ ខែកក្កដា ហើយបន្ទាប់មកទៀតទ្រង់ក៏ស្ថិតនៅមន្ទីរពេទ្យ ដើម្បីឲ្យព្រះរោគបានធូរស្រាលឡើងវិញ ដោយពីមានការតាមដាន យ៉ាងដិតដល់បំផុតពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ក្នុងមន្ទីរពេទ្យ King Faisal។
គួរបញ្ជាក់ថា ព្រះចៅ សាលម៉ាន់ មានព្រះជន្មាយុ ៨៤វស្សា បានទទួលរងជំងឺរលាកថង់ទឹកប្រម៉ាត់ និងត្រូវបានក្រុមមន្ត្រីព្រះរាជវាំង យាងទ្រង់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី២០ ខែកក្កដា ហើយក្រោយពីទទួលការពិនិត្យយ៉ាងដិតដល់រួចមក ទើបទ្រង់បានទទួលការវះកាត់ នៅរយៈពេលបីថ្ងៃបន្ទាប់៕