(តៃវ៉ាន់)៖ តុលាការមួយក្នុងទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ បានយល់ព្រមតាមសំណើរបស់ក្រុមរដ្ឋអាជ្ញា ដោយបង្គាប់ឱ្យចាប់ និងឃុំខ្លួនសមាជិកសភា ០៣នាក់ ដែលត្រូវបាន ចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងករណីពុកលួយ បន្ទាប់ពីសវនាការរយៈពេលពីរថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។
តុលាការទីក្រុងតៃប៉ិ បានយល់ព្រមឃុំខ្លួន លោក Su Chen-ching ជាសមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) រួមទាំងលោក Chen Chao-ming និង លោក Liao Kuo-tung ដែលជាសមាជិកសភានៃគណបក្ស Kuomintang។ តុលាការក៏បានបង្គាប់ផងដែរឲ្យអតីតសមាជិកសភាគណបក្សអំណាចថ្មី (New Power Party) លោក Hsu Yung-ming និង លោក Mark Chen ជាអតីតសមាជិកសភាគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅថ្ងៃសុក្រសប្ដាហ៍នេះ។
បើតាមក្រុមរដ្ឋអាជ្ញាតៃវ៉ាន់ សមាជិកសភាទាំងបីរូប និងអតីតសមាជិកសភាពីរនាក់ខាងលើ ត្រូវបានសង្ស័យថាបានទទួលសំណូក ក្នុងជម្លោះដណ្ដើមធ្វើជាម្ចាស់សហគ្រាស មួយ៕