(កាប៊ុល)៖ យោធាអាហ្វហ្គានីស្ថានបានអះអាងថា កងកម្លាំងពិសេសបានចាប់ខ្លួន មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមភេរវករ ISIS នៅក្នុងខេត្តគូណារ (Kunar) ភាគខាងកើតនៃប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធនេះ យោធាអាហ្វហ្គានីស្ថានបានឱ្យដឹងទៀតថា កងកម្លាំងពិសេសរបស់ខ្លួន បានដឹកនាំប្រតិបត្តិការពិសេសនៅក្នុងភូមិ បាប៊ឺ (Babir) នៃស្រុកឆខេយ (Chawkay) កាលពីថ្ងៃអង្គារ ដោយចាប់បានមេបញ្ជាការជាន់ខ្ពស់ម្នាក់ របស់ក្រុមសកម្មប្រយុទ្ធ ISIS ឈ្មោះ ខាន់ សាយីដ (Khan Sayed)។
Khan Sayed គឺជាមនុស្សម្នាក់ដែលទទួលបន្ទុកលើ ការចាត់ចែងកម្លាំងនៃក្រុមសកម្មប្រយុទ្ធបរទេស និងសាច់ញាតិរបស់ពួកគេ ទៅកាន់តំបន់ផ្សេងៗ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយជនរូបនេះក៏មានជាប់ពាក់ព័ន្ធផងដែរនឹង ការរៀបចំផែនការវាយប្រហារ លើពន្ធនាគារមួយកន្លែងកាលពីពេលថ្មីៗនេះ នៅក្នុងទីក្រុង ហ្សាឡាឡាបាដ (Jalalabad) នៃខេត្ត ណាងហ្គាហារ (angarhar) ស្ថិតក្បែរខេត្ត Kunar ខាងលើនេះផងដែរ ដោយបានបណ្ដាលឱ្យមនុស្ស ៣៧នាក់ស្លាប់ ក្នុងនោះមានក្រុមសកម្មប្រយុទ្ធ ISIS ០៨នាក់ផងដែរ និង ៥០នាក់ទៀតរងរបួស រីឯអ្នកទោសជិត ៣០០នាក់បានឆ្លៀតឱកាសហែកគុករត់។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន កងកម្លាំងអាហ្វហ្គានីស្ថានក៏បានដឹកនាំ ប្រតិបត្តិការពិសេសដូចគ្នានេះដែរ ដោយបានផ្ដាច់ជីវិតសមាជិកឈ្មោះ អាស្សាឌុលឡាហ៍ អូរ៉ាកហ្សៃ (Assadullah Orakzai) ជាមេចារកម្មរបស់ ISIS ទទួលបន្ទុកកិច្ចការក្រៅទីក្រុង Jalalabad។ ក្រុម ISIS មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើង ទៅនឹងសេចក្ដីថ្លែងការណ៍ របស់យោធាអាហ្វហ្គានីស្ថាន៕