(យូអិន)៖ រដ្ឋាភិបាលចិននាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) បានសម្ដែងនូវការខឹងសម្បារព្រមទាំងក្តីបារម្ភជាខ្លាំង ចំពោះការបែកធ្លាយ នៃសេចក្ដីព្រាងរបាយការណ៍សម្ងាត់មួយ របស់អង្គការសហប្រជាជាតិ (UN) ស្ដីពីប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។
អ្នកនាំពាក្យបេសកកម្មអចិន្រ្តៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា «របាយការណ៍សម្រាប់ពាក់កណ្ដាលឆ្នាំ២០២០ ដែលព្រាងដោយក្រុមអ្នកជំនាញគណៈកម្មាធិការ ១៧១៨ នៃក្រុមប្រឹក្សាសន្តិសុខ បានលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយ ហើយបណ្តាលឲ្យបណ្តាញផ្សព្វផ្សាយមានការសន្និដ្ឋានតែផ្តេសតែផ្តាស។ ប្រទេសចិនសូមសម្តែងការមិនពេញចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហានេះ»។
អ្នកនាំពាក្យដដែលបានបន្តថា «កន្លងទៅក៏ធ្លាប់មានរឿងស្រដៀងគ្នានេះកើតឡើងដែរ ហើយពេលនោះប្រទេសជាសមាជិកមួយចំនួន រួមមានទាំងចិន ក៏បានសម្តែងក្តីបារម្ភដែរ។ ដូច្នេះចិនស្នើឲ្យ UN បង្កើនការយកចិត្តទុកដាក់លើបញ្ហានេះឲ្យបានម៉ឺងម៉ាត់ និងជៀសវាង ការបែកធ្លាយឯកសារនាពេលអនាគត»។
គួរជម្រាបថា គណកម្មាធិការ ១៧១៨ ខាងលើ គឺជាគណៈកម្មាធិការទទួលបន្ទុក លើការអង្កេតការអនុវត្តទណ្ឌកម្មកូរ៉េខាងជើង ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៦ តាមរយៈដំណោះស្រាយលេខ ១៧១៨ របស់ក្រុមប្រឹក្សាសន្តិសុខ UN ដើម្បីឆ្លើយតបចំពោះការធ្វើតេស្តនុយក្លេអ៊ែរ លើកដំបូងរបស់កូរ៉េខាងជើង ព្រមទាំងសកម្មភាពដទៃទៀត ដែលពាក់ព័ន្ធជាមួយនុយក្លេអ៊ែរ។ អ្នកនាំពាក្យចិនក៏បានគូសបញ្ជាក់ដែរថា ប្រទេសចិនបានបន្តអនុវត្តយ៉ាងតឹងរ៉ឹង ទៅលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN ពាក់ព័ន្ធនឹងកូរ៉េខាងជើង ហើយចិនបាននិងកំពុងបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ដោយស្មោះត្រង់ត្រឹមត្រូវជានិច្ច៕