(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋាភិបាលលីបង់បានប្រកាស «កាន់ទុក្ខរយៈពេល ០៣ថ្ងៃ» ដោយរាប់ពីថ្ងៃពុធនេះតទៅ បន្ទាប់ពីជនរងគ្រោះយ៉ាងហោច១០០នាក់បានស្លាប់ និងច្រើនជាង ៤,០០០នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត កាលពីថ្ងៃអង្គារម្សិលមិញ។

 

២៖ រដ្ឋាភិបាលចិន បានសម្ដែងនូវការខឹងសម្បារព្រមទាំងក្តីបារម្ភជាខ្លាំង ចំពោះការបែកធ្លាយ នៃសេចក្ដីព្រាងរបាយការណ៍សម្ងាត់មួយ របស់អង្គការសហប្រជាជាតិ (UN) ស្ដីពីប្រទេសកូរ៉េខាងជើង។

 

៣៖ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញលោក ម៉ារូស ប្លាសហ្សេក (Mariusz Blaszczak) បាននិយាយថា ទាហានអាមេរិកចំនួន ២០០នាក់ដែលកំពុងឈរជើង នៅប៉ូឡូញបច្ចុប្បន្ន នឹងក្លាយជាគ្រឹះនៃមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអឺរ៉ុបមួយនេះនាថ្ងៃអនាគត។

 

៤៖ ខ្យល់ព្យុះត្រូពិកឈ្មោះ អ៉ីសៃយ៉ាស (Isaias) បានវាយប្រហារបណ្តារដ្ឋ ស្ថិតនៅតាមតំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក និងបានបណ្តាលឲ្យមនុស្ស ០៤នាក់ស្លាប់ ព្រមទាំងទ្រព្យសម្បត្តិឯកជន និងសាធារណៈជាច្រើនទៀត រងការខូចខាតយ៉ាងដំណំ។

 

៥៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ នេះបានឱ្យដឹងថា រដ្ឋាភិបាលចិនមានផែនការបាញ់បង្ហោះ ផ្កាយរណបឧតុនិយម ០២គ្រឿង បន្ថែមទៀត ឡើងទៅកាន់ទីអវកាសនៅឆ្នាំ២០២១ខាងមុខ។

 

៦៖ រដ្ឋាភិបាលរុស្ស៊ីបានសម្រេចបញ្ជូនបុគ្គលិកពេទ្យ និងជំនួយសង្គ្រោះបន្ទាន់ ផ្នែកវេជ្ជសាស្ត្រ ដោយដឹកតាមយន្តហោះចំនួន ០៥គ្រឿងទៅកាន់ប្រទេសលីបង់ បន្ទាប់ពីការផ្ទុះដ៏កក្រើកនៅរដ្ឋធានីបេរូត បានបង្កឲ្យមនុស្ស ១០០នាក់ស្លាប់ និងជាង ៤,០០០នាក់រងរបួស ខណៈមន្ទីរពេទ្យកំពុងជួបបញ្ហាធ្ងន់ធ្ងរ ដោយសារត្រូវរ៉ាប់រងចំនួនអ្នកឆ្លង COVID-19 ផង និងត្រូវទទួលអ្នករងរបួស ក្នុងហេតុការណ៍ផង៕