(ប៉េកាំង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអះអាងថា ចិនមិនមែនកំពុងព្យាយាមបង្កើត «សង្រ្គាមត្រជាក់ថ្មី» ជាមួយសហរដ្ឋអាមេរិក នោះទេ បើទោះជាទំនាក់ទំនងរវាងប្រទេសទាំង២ បច្ចុប្បន្ន កំពុងដុនដាបខ្លាំងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។
លោក វ៉ាង យី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយស៊ីនហួរ។ ថ្លែងនាឱកាសនោះ លោកប្រមុខការទូតចិន ក៏បានគូសបញ្ជាក់ដែរថាអ្នកនយោបាយ អាមេរិកខ្លះ ដែលមានភាពលម្អៀង និងប្រឆាំងចិន កំពុងប្រើប្រាស់អំណាច និងឥទ្ធិពលរបស់ពួកគេ ដើម្បីបង្កើតគំនិតស្អប់ខ្ពើមប្រឆាំងចិន ដោយបង្កើតលេសជាច្រើន។ លោក បន្ថែមទៀតថា អ្វីដែលអ្នកនយោបាយអាមេរិកទាំងនេះកំពុងធ្វើ បាននិងកំពុងបំផ្លាញទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក, បង្កឱ្យប្រជាជននៃប្រទេសទាំង២ មានអរិភាព នឹងគ្នា និងបំផ្លាញការជឿទុកចិត្តគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា បើតាមលោក វ៉ាង យី អ្នកដែលព្យាយាមចាប់ផ្ដើម ឬបង្កសង្រ្គាមត្រជាក់ នៅក្នុងស.វទី២១នេះ នឹងត្រូវចារឈ្មោះអាក្រក់នៅក្នុងប្រវត្តិសាស្ត្រ ក៏ដូចជាត្រូវបានគេ គ្រប់គ្នាចងចាំទុកថាជាមនុស្សបំផ្លាញកិច្ចសហប្រតិបត្តិការអន្តរជាតិតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ចិន នៅពេលនេះមិនដូចអតីតសហភាពសូវៀត ហើយក៏គ្មានបំណងក្លាយជា សហរដ្ឋអាមេរិកថ្មីមួយទៀតនោះដែរ៕