(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសនិ្តសុខជាតិអាមេរិក លោក រ៉ូបឺត អូប្រៀន (Robert O'Brien) បាននិយាយថា ក្រុម Hackers ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង បាន និងកំពុងព្យាយាមវាយប្រហារព័ត៌មានវិទ្យា លើហេដ្ឋារចនាសម្ព័ន្ធបោះឆ្នោតអាមេរិក មុននឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ ចូលមកដល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។
លោក រ៉ូបឺត អូប្រៀន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Face the Nation របស់ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យម្សិលមិញ និងជាការអត្ថាធិប្បាយ បន្ថែមពីលើសេចក្ដីថ្លែងការណ៍មួយ របស់ការិយាល័យនៃនាយកស៊ើបការណ៍សំងាត់ជាតិអាមេរិក ដែលអះអាងថាប្រទេសរុស្ស៊ី ចិន និងអ៉ីរ៉ង់ នឹងព្យាយាមលូកលាន់ចូលក្នុង ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងនោះរុស្ស៊ីកំពុងតែជួយជ្រោមជ្រែង ឲ្យបេក្ខភាពប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ទទួលបានជ័យជម្នះ។
បើតាមទីប្រឹក្សាសនិ្តសុខជាតិអាមេរិក ក្រុម Hackers ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងព្យាយាមវាយប្រហារព័ត៌មានវិទ្យា ដើម្បីទម្លុះចូលគេហទំព័រ ដែលជាកម្មសិទ្ធិនៃការិយាល័យជាច្រើន របស់ក្រសួងការបរទេសនៅទូទាំងសហរដ្ឋអាមេរិក សំដៅលួចក៏ដូចជាប្រមូលព័ត៌មានប្រជាជនអាមេរិក។ លោក អូប្រៀន បានបន្ថែម ដូច្នេះថា៖ «រុស្ស៊ីមិនមែនជាក្ដីកង្វល់តែមួយគត់នោះទេ...ប៉ុន្តែ ប្រទេសទាំងឡាយណាដែលព្យាយាមលូកលាន់ ឬបំផ្លាញសេរីភាព និងការបោះឆ្នោតដោយយុត្តិធម៌របស់យើង នោះពួកគេនឹងត្រូវជួបផលវិបាកធ្ងន់ធ្ងរ»។
តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងប៉េកាំង តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានច្រានចោលការចោទប្រកាន់ពីសហរដ្ឋអាមេរិក ជាមួយការបញ្ជាក់ថាការបោះឆ្នោតប្រធានាធិបតីអាមេរិក គឺជាកិច្ចការផ្ទៃក្នុងរបស់អាមេរិក ហើយចិនក៏គ្មានចំណាប់អារម្មណ៍អ្វីត្រូវលូកលាន់នោះទេ៕