(វ៉ាស៊ីនតោន)៖ ការសិក្សាស្រាវជ្រាវថ្មីមួយ បានរកឃើញថា មនុស្សក្នុងចំនួនដ៏ច្រើនជាប់កំណត់ត្រាថ្មីមួយ បានបោះបង់ចោលសញ្ជាតិអាមេរិករបស់ពួកគេ ហើយហេតុផលនៃ ការសម្រេចចិត្តបែបនេះ ក៏មានជាប់ពាក់ព័ន្ធនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។
បើតាមការសិក្សាស្រាវជ្រាវ ចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយក្រុមហ៊ុនជំនាញខាងពន្ធ Bambridge Accountants មានមូលដ្ឋានក្នុងទីក្រុងញូយ៉ក មនុស្សច្រើនជាង ៥,៨០០នាក់ បានបោះបង់ចោលសញ្ជាតិអាមេរិករបស់ពួកគេ នៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២០នេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ អ្នកបោះបង់សញ្ជាតិ មានតែ ២,០៧២នាក់ តែប៉ុណ្ណោះ។ ការសិក្សានេះបានឱ្យដឹងទៀតថា ហេតុផលដែលជំរុញឱ្យអ្នកទាំងនេះបោះបង់ចោលសញ្ជាតិអាមេរិក គឺមានជាប់ពាក់ព័ន្ធនឹងលោក ដូណាល់ ត្រាំបរិយាកាសនយោបាយអាមេរិកសព្វថៃ្ង និងការបង់ពន្ធជាដើម។
បន្ថែមពីលើនេះ ថ្លែងប្រាប់ CNN លោក Alistair Bambridge មកពីក្រុមហ៊ុន Bambridge Accountants ក៏បានអះអាងដែរថា អ្នកបោះបង់ចោលសញ្ជាតិអាមេរិក នឹងមានចំនួន កាន់តែច្រើន បើសិនជាលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀត។ លោក Alistair Bambridge បានគូសបញ្ជាក់ដូច្នេះថា៖ «មនុស្សជាច្រើន នឹងទន្ទឹមរង់ចាំមើលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ។ ពោលគឺ បើសិនជាលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាថ្មីម្ដងទៀត យើងជឿជាក់ថា មនុស្ស កាន់តែច្រើនអាចនឹងសម្រេចចិត្តបោះបង់ចោលសញ្ជាតិអាមេរិក»។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Bambridge Accountants ការសិក្សាស្រាវជ្រាវរបស់ពួកគេគឺធ្វើឡើង ដោយផ្អែកលើការត្រួតពិនិត្យទិន្នន័យសាធារណៈក្នុងនោះរួមមានឈ្មោះ ពលរដ្ឋអាមេរិកដែលបោះបង់ចោលសញ្ជាតិ ចេញផ្សាយដោយរដ្ឋាភិបាលអាមេរិកជារៀងរាល់បីខែម្ដង។ ពលរដ្ឋអាមេរិក ដែលចង់បោះបង់ចោលសញ្ជាតិរបស់ពួកគេ ត្រូវបង់ប្រាក់ ២,៣៥០ដុល្លារ ហើយត្រូវបង្ហាញខ្លួននៅក្នុងស្ថានទូតអាមេរិក ប្រចាំប្រទេសរបស់ពួកគេ បើសិនពួកគេមិនមែនកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក៕