(ប៉េកាំង)៖ អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ថ្មីៗនេះប្រទេសចិនបានធ្វើសមយុទ្ធយោធា នៅចំពោះមុនកោះតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់អាមេរិក ទៅកាន់ដែនកោះមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ចាង ឈុនហ៊ុយ (Zhang Chunhui) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធយោធានេះ គឺជាភាពចំបាច់ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសចិន ដែលបានប្រព្រឹត្តទៅនៅភាគខាងត្បូង និងខាងជើងនៃច្រកសមុទ្រតៃវ៉ាន់។
គួរបញ្ជាក់ថា បើតាមមន្ត្រីជាន់ខ្ពស់យោធាចិន សមយុទ្ធនេះគឺជាសារព្រមានទៅសហរដ្ឋអាមេរិក កុំឲ្យបង្កភ្លើងសង្គ្រាមនៅក្នុងតំបន់ ព្រោះបើតាមច្បាប់អន្តរជាតិ កោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយ របស់ចិនតែប៉ុណ្ណោះ។ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក បានធ្វើដំណើរមកកាន់កោះតៃវ៉ាន់ ដែលជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ គិតចាប់តាំងពីអាមេរិកទទួលស្គាល់នយោបាយចិនតែមួយ កាលពីឆ្នាំ១៩៧៩៕