(ម៉ូស្គូ)៖ មជ្ឈមណ្ឌលឆ្លើយតប COVID-19 របស់ប្រទេសរុស្សី បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាថ្ងៃព្រហស្បតិ៍នេះថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ប្រទេសរុស្សីបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៥,០៥៧នាក់បន្ថែម ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៩០៧,៧៥៨ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០។
សេចក្ដីថ្លែងការណ៍ខាងលើនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ចំនួននៃអ្នកជាសះស្បើយបានកើនដល់ ៧១៦,៣៩៦នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ៦,០៩៨នាក់បន្ថែមទៀតបានជាសះស្បើយកាលពីប៉ុន្មានថ្ងៃមុន។ ហើយចំនួនអ្នកស្លាប់ក៏កើនឡើងដែរគឺដល់ ១៥,៣៨៤នាក់ បន្ទាប់ពីអ្នកជំងឺ ១២៤នាក់ទៀត បានស្លាប់ដោយសារជំងឺ COVID-19 នេះនៅក្នុងពេល ២៤ម៉ោងកន្លងទៅ។
ដោយឡែក ទីក្រុងម៉ូស្គូនៅតែជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុត នៃប្រទេសរុស្សី ដែលបានរាយការណ៍ថា មានករណីឆ្លង COVID-19 ថ្មីៗចំនួន ៦៩២នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ២៥០,៣០៣ករណី។ ប្រទេសរុស្ស៊ីក៏ត្រៀមចាក់វ៉ាក់សាំងប្រឆាំង COVID-19 ដែលខ្លួនទើបចុះបញ្ជីជាផ្លូវការនោះផងដែរ ទៅលើបុគ្គលិកសុខាភិបាលជួរមុខ នៅចុងខែសីហានេះ ឬក៏ដើមខែក្រោយ ដើម្បីជាការធ្វើតេស្តអំពីប្រសិទ្ធភាព៕