(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ២៥ករណីបន្ថែម ដែលនាំឲ្យករណីឆ្លងសរុបនៅក្នុង ប្រទេសអាស៊ានក្បែរខាងយើងនេះ បានកើនដល់៩០៥ករណី។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០។
នៅក្នុងរយៈពេលដូចគ្នានេះ ក្រៅពីករណីឆ្លងថ្មី វៀតណាមក៏បានរកឃើញករណីស្លាប់ថ្មីចំនួន ០៣នាក់ផងដែរ។ សរុបជារួម រហូតមកទល់ឥឡូវ ប្រទេសអាស៊ានមួយនេះមានចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបចំនួន ២០នាក់ ក្នុងចំណោមករណីឆ្លងជាង ៩០០នាក់ខាងលើ ខណៈអ្នកជាសះស្បើយវិញមានចំនួនជាង ៤២១នាក់។
គួរជម្រាបថា កាលពីដើមទី ប្រទេសវៀតណាមត្រូវបានគេកោតសរសើរ ចំពោះការគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសបានល្អ តាមរយៈការធ្វើតេស្ត ក៏ដូចជាការចាត់វិធានការនានាបានទាន់ពេលវេលា។ ប៉ុន្តែនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រោយពីបានរកឃើញចង្កោមចម្លងថ្មីនៅទីក្រុងដាណាង ស្ថិតនៅភាគកណ្តាលប្រទេស កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ ករណីឆ្លងថ្មីៗនៅក្នុងប្រទេសវៀតណាម ក៏ត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់៕