(ញូដេលី)៖ ស្ថានការណ៍ COVID-19 នៅប្រទេសឥណ្ឌាកាន់តែបន្តធ្ងន់ធ្ងរ ដោយនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌាបានកត់ត្រាករណីឆ្លងថ្មីៗរហូតទៅដល់ជិត ៦៧,០០០ករណី ក្នុងនោះទៀតសោតក៏មានមេដឹកនាំសាសនាម្នាក់ ដែលបានរួមពិធីបើកការដ្ឋានសាងសង់ប្រាសាទដ៏ធំមួយ ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) ទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ សាព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០។
លោក Nretia Gopal Das អាយុ ៨២ឆ្នាំ ដែលជាបូជាចារ្យហិណ្ឌូ គឺជាឥស្សរជនចុងក្រោយបង្អស់ ដែលបានធ្វើតេស្តឃើញវិជ្ជមានចំពោះ COVID-19 បន្ទាប់ពីមន្រ្តីជាន់ខ្ពស់ជាច្រើនរូប នៅក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក Modi បានឆ្លងជំងឺនេះព្រោងព្រាត ក្នុងនោះរួមមានទាំងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក អាមីត ស្សា (Amit Shah) ផងដែរ។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Modi និងលោក Das ស្ថិតក្នុងចំណោមមនុស្ស ១៧០នាក់ ដែលបានចូលរួមពិធីបើកការដ្ឋានសាងសង់ប្រាសាទមួយកន្លែង នៅក្រុងអាយោដា (Ayodhya) ខាងជើងប្រទេស កាលពីពេលថ្មីៗនេះ។ យោងតាមរូបភាពលើទូរទស្សន៍នាពេលនោះ បានបង្ហាញថា លោក Modi បានចាប់កាន់ដៃលោក Das ហើយបានឱនលំទោនចំពោះមុខ មេដឹកនាំសាសនារូបនេះទៀតផង។
គួរជម្រាបថា ប្រទេសឥណ្ឌាដែលឈរលំដាប់ថ្នាក់លេខ៣ លើកំពូលតារាងនៃប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុតនៅលើពិភពលោក បច្ចុប្បន្នមានអ្នកឆ្លងសរុបជាង ២.៤លាននាក់ ក្នុងនោះស្លាប់ជាង ៤.៧ម៉ឺននាក់ និងជាសះស្បើយជាង ១.៧លាននាក់៕