(ព្យុងយ៉ាង)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានតែងតាំងលោក គីម តុក ហ៊ុន (Kim Tok Hun) ជានាយករដ្ឋមន្ត្រីថ្មី ខណៈកូរ៉េខាងជើងត្រូវបានគេមើលឃើញថា កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចថ្មីមួយ ដែលបង្កឡើងគ្រោះទឹកជំនន់ នៅក្នុងប្រទេសកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។
លោក Kim Tok Hun ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកូរ៉េខាងជើងថ្មី ជំនួសលោក គីម ចេយ៉ុង (Kim Jae Ryong) បន្ទាប់ពីក្រឹត្យមួយត្រូវបានចុះផ្សាយ ជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ នៅឯកិច្ចប្រជុំការិយាល័យនយោបាយ នៃគណបក្សពលករកូរ៉េ ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន។ លោក Kim Tok Hun មានតំណែងជាប្រធានគណៈកម្មាធិការកញ្ចប់ថវិកាសភា មុននឹងត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីថ្មី។ ប៉ុន្តែទន្ទឹមគ្នានេះ មិនទាន់មានការបញ្ជាក់ពីការផ្លាស់ប្ដូរតួនាទីនេះនៅឡើយទេ។
គួរបញ្ជាក់ថា ជាធម្មតានាយករដ្ឋមន្ត្រីកូរ៉េខាងជើង មានតួនាទីជាប្រមុខគណៈរដ្ឋមន្ត្រី និងទទួលបន្ទុកអនុវត្តគោលនយោបា ដែលដាក់ចេញដោយ គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ។ ប៉ុន្តែគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី មិនមានសិទ្ធិរៀបចំ ឬបង្កើតគោលនយោបាយដោយខ្លួនឯងនោះទេ៕