(ឡសអាន់ជែឡេស)៖ កាលីហ្វ័រញ៉ាជារដ្ឋដែលមានប្រជាជន ច្រើនជាងគេបំផុតប្រមាណជាង ៤០លាននាក់នៃសហរដ្ឋអាមេរិក ក៏បានក្លាយជារដ្ឋដំបូងគេដែលមានករណីឆ្លង COVID-19 លោតដល់ជាង ៦០០,០០០ករណីមុនគេផងដែរ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០។
បើតាមរបាយការណ៍ប្រចាំថ្ងៃដែលចេញផ្សាយដោយ អាជ្ញាធរសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ា បានបង្ហាញពីការកើនឡើងនៃករណីឆ្លង COVID-19 ដែលមានចំនួនជាង ៧,៩៣០ករណីក្នុងពេល ២៤ម៉ោង ក្នុងនោះជាង ៣,៥០០នាក់ជាករណីឆ្លងថ្មីៗ និង ៤,៤២៩ករណីទៀត បានពីការធ្វើរបាយការណ៍ នៅមន្ទីរពិសោធន៍នៅក្នុងពេលដូចគ្នា។
អាជ្ញាធរសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ា បានឲ្យដឹងទៀតថា គិតចាប់តាំងពីមានការរីករាលដាលនៃ COVID-19 នេះ រដ្ឋកាលីហ្វ័រញ៉ាមានករណីឆ្លងសរុបចំនួន ៦០១,០៧៥ករណីហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១០,៩៩៦នាក់។
គួរបញ្ជាក់ ទីក្រុងឡូសអាន់ជែឡេស (Los Angeles) ជាទីក្រុងដែលមានប្រជាជនរស់នៅ ច្រើនជាងគេប្រមាណជាង ១០លាននាក់នៃរដ្ឋកាលីហ្វ័រញ៉ា បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ២,៦៤២ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ២១៨,៦៩៣ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៥,២១៤នាក់នៅទូទាំងទីក្រុង ឯអ្នកជាសះស្បើយ មិនទាន់មានតួលេខច្បាស់លាស់នោះទេ៕